ភ្នំពេញៈ យោងតាមព័ត៌មានផ្លូវការពីមន្ត្រីកាន់សំណុំរឿងរបស់កញ្ញា សុខ ចិន្តា ហៅ វ៉ាន់ នីឡា បានទម្លាយមកថា បណ្ដឹងលើជនអនាមិកទម្លាយរូបស្រាតរបស់នាង ដែលស្ថិតក្នុងដៃសមត្ថកិច្ចនៅក្នុងពេលនេះ នឹងធ្លាក់ដល់ដៃតុលាការមិនហួសពីខែកក្កដានេះទេ បន្ទាប់ពីជនសង្ស័យនៅតែរក្សាជំហរ មិនព្រមចូលខ្លួនដោះស្រាយ។ សមត្ថកិច្ចក្រសួងមហាផ្ទៃ នឹងបញ្ជូនសំណុំរឿងទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់តែម្ដង ប្រសិនបើជនសង្ស័យមិនចូលខ្លួនទៅបំភ្លឺនៅថ្ងៃទី១១ ខែកក្កដាខាងមុខម្ដងទៀត បន្ទាប់ពីការកោះឲ្យមកបំភ្លឺលើកទី១ ត្រូវជនសង្ស័យមិនព្រមចូលខ្លួនតាមកាលកំណត់។
ប្រភពគួរឲ្យទុកចិត្ត ដែល Post News ទទួលបាន គឺចំណាត់ការផ្លូវច្បាប់របស់មន្ត្រីក្រសួងមហាផ្ទៃ លើករណីរបស់ វ៉ាន់ នីឡា កំពុងជំរុញឲ្យជនសង្ស័យបង្ហោះរូបស្រាតរបស់នាង ចូលខ្លួនមកបំភ្លឺ បន្ទាប់ពីការកោះហៅលើកទី១ ទទួលបរាជ័យ។ កញ្ញា វ៉ាន់ នីឡា បានអះអាងថា ខ្លួនមិនដឹងរឿងជនល្មើសចូលខ្លួន ឬមិនចូលបំភ្លឺនោះទេ ប៉ុន្តែនាងថា បណ្ដឹងរបស់នាងនឹងធ្លាក់ដល់ដៃតុលាការ ដែលជនសង្ស័យត្រូវតែគេចមិនផុតពីផ្លូវច្បាប់។ នាងថា នីតិវិធីរបស់សមត្ថកិច្ច នឹងធ្វើឲ្យនាងទទួលបានយុត្តិធម៌តាមការចង់បាន បន្ទាប់ពីខាងក្រសួងមហាផ្ទៃ ក៏បានដុតដៃដុតជើងលើករណីនេះ ហើយខាងក្រសួងវប្បធម៌ និងតារាសិល្បៈ ក៏បានគាំទ្រតាមរយៈធ្វើញត្តិ ដើម្បីជំរុញលើបញ្ហាផ្លូវច្បាប់ឲ្យមានប្រសិទ្ធភាព។
វ៉ាន់ នីឡា បន្តឲ្យដឹងទៀតថា បញ្ហាប្ដឹងផ្ដល់នឹងនៅតែបន្ត បើទោះជានាងត្រូវជាប់ភារៈចេញទៅសម្ដែងនៅប្រទេសអូស្រ្តាលី រហូតដល់៥សប្ដាហ៍ ដែលរហូតដល់ពាក់កណ្ដាលខែ៨ ទើបត្រឡប់មកវិញក្ដី។ នាងថា ក្នុងរយៈពេលបាត់មុខ បងប្រុសរបស់នាង គឺលោក សុខ ជំនោរ និងមេធាវីរបស់នាង នឹងដើរតួជំនួសការទទួលខុសត្រូវលើការប្ដឹងផ្ដល់ ដើម្បីកុំឲ្យដំណើរការបណ្ដឹងរបស់នាងមានការរាំងស្ទះ។
លោក សុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរ និងជាសមាជិកជាន់ខ្ពស់ក្នុងក្រុម «គ្រួសារតារាកម្ពុជា» បានអះអាងថា ក្រោយការដាក់ញត្តិរបស់តារាសិល្បៈ លើករណីរបស់តារាចម្រៀង វ៉ាន់ នីឡា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអះអាងថា បានដាក់លិខិតទៅកាន់ក្រសួងមហាផ្ទៃ រួចហើយ ដើម្បីឲ្យមានចំណាត់ការជំរុញបន្ថែម លើករណីផ្លូវច្បាប់របស់នាង។ លោកថា ក្រសួងបានជូនដំណឹងមកលោកថា បណ្ដឹងរបស់ វ៉ាន់ នីឡា ត្រូវបានសមត្ថកិច្ចកោះហៅជនសង្ស័យមកស្រាយបំភ្លឺចំនួន១លើកមកហើយ ប៉ុន្តែជននោះ មិនព្រមចូលខ្លួន។ លោកបញ្ជាក់ថា ក្រសួងវប្បធម៌ បានបន្តប្រាប់លោកថា ក្រសួងមហាផ្ទៃ នឹងកោះហៅជននោះមកធ្វើការស្រាយបំភ្លឺនៅថ្ងៃទី១១ ខែកក្កដា ជាថ្មីម្ដងទៀត ដោយជននោះ បើនៅតែគេចវេសនឹងសមត្ថកិច្ចប្រើនីតិវិធីផ្សេង។
កញ្ញា វ៉ាន់ នីឡា បញ្ជាក់ថា បណ្ដឹងរបស់នាងមិនយូរនោះទេ នឹងធ្លាក់ដល់ដៃតុលាការ ហើយក៏មិនអាចត្រូវចប់នៅក្រៅប្រព័ន្ធតុលាការនោះដែរ ដោយសារតែនាងប្រកាន់ជំហរមិនធ្វើការសម្រុះសម្រួល។ នាងប្រកាសថា លុយមិនអាចបិទបាំងជនល្មើស និងធ្វើឲ្យគេគេចផុតពីការថ្កោលទោសដោយច្បាប់បានទេ សម្រាប់រឿងដែលគេបានធ្វើលើរូបនាង ពាក់ព័ន្ធនឹងការទម្លាយរូបអាក្រាតកាយនោះ៕
មតិយោបល់