ភ្នំពេញៈ យុវជនម្នាក់ បានមកប្ដឹងសមត្ថកិច្ច បន្ទាប់ពីត្រូវបុរសម្នាក់ទៀត ដកកាំភ្លើងភ្ជង់ហើយគំរាម រួមទាំងទះខ្លួន និងមិត្តភក្ដិខ្លួនម្នាក់២កំផ្លៀង ហើយត្រលប់ទៅបើករថយន្តចេញទៅ ធ្វើព្រងើយ។
ហេតុការណ៍នេះ បានកើតទ្បើងនៅវេលាម៉ោង០៤និង១០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចកន្លែងលក់ស្រាក្រឡុកមួយកន្លែង ស្ថិតនៅក្រោយព្រះបរមរាជវាំង ផ្លូវលេខ២១៤ កែងផ្លូវលេខ១៩ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
យុវជនរងគ្រោះឈ្មោះ រុណ ហុង ហៅញាញ អាយុ២២ឆ្នាំ មុខរបរចុងភៅនៅសណ្ឋាគារមួយក្នុងខណ្ឌដូនពេញ ស្នាក់នៅបន្ទប់ផ្ទះជួល សង្កាត់ផ្សារកណ្ដាល ខណ្ឌដូនពេញ ភ្នំពេញ។ ចំណែកយុវជនម្នាក់ទៀតជាមិត្តភក្ត មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។
តាមការរៀបរាប់របស់យុវជនរងគ្រោះ ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ គាត់បានមកហូបអីជាមួយមិត្តភក្តិ៣នាក់ទៀត នៅម្ដុំក្រោយព្រះបរមរាជវាំង ដោយបានជជែកគ្នាអំពីបាល់ទាត់ យ៉ាងសប្បាយ លុះពេលផឹកអស់៣ថូ គាត់បានលូកដៃយកទូរស័ព្ទពីមិត្តភក្តិ មកមើលបាល់ទាត់ តែជ្រុលប៉ះថូដាក់ស្រា បណ្ដាលឲ្យធ្លាក់បែកថូអស់១ ទើបភ្ញាក់ផ្អើលដល់អ្នកអង្គុយផឹកជិតនោះ ហើយក៏បានប្រាប់ឱ្យគេមកគិតលុយ រួចនាំគ្នាត្រលប់ទៅផ្ទះមុន ជាមួយមិត្តភក្តម្នាក់ទៀត។ ខណៈកំពុងអូសម៉ូតូចេញ ស្រាប់តែមានបុរសម្នាក់ ដើរយ៉ាងលឿនចេញពីកន្លែងផឹកស៊ីនោះដែរ រួចទៅយកកាំភ្លើងខ្លីមួយដើម (មិនស្គាល់ម៉ាក) ពីក្នុងរថយន្ត TOYOTA PRIUS ពណ៌ស មួយគ្រឿង (មិនចាំស្លាកលេខ) ហើយសៀតចង្កេះ ដើរត្រលប់មករកពួកគេវិញ រួចស្រែកគំរាបថា «ហ៊ែងមើលមុខសង្សារអញ ចង់ញ៉ែសង្សារអញមែន? នៅពេលនោះ គាត់បាតបវិញថា អត់ទេបង ខ្ញុំមិនដឹងអីសោះ ស្រាប់តែបុរសម្នាក់នោះ ទះរូបគាត់ចំនួន២កំផ្លៀង ដោយគាត់លើកដៃរង ហើយបុរសម្នាក់នោះ បានយកកាំភ្លើងខ្លីដែលសៀតជាប់ចង្កេះនោះ អាមេ រួចបម្រុងវាយទៅលើមិត្តភក្តិរបស់គាត់ ទើបមិត្តគាត់ក៏លើកដៃរង ហើយក៏ត្រូវបុរសម្នាក់នោះ យកដៃមកវាយមិត្តគាត់ចំនួន ២ដៃចំក្បាលពីក្រោយ ចង់ផ្កាប់មុខ ហើយកាន់កាំភ្លើងដើរត្រលប់ទៅបើករថយន្តចេញទៅបាត់តែម្ដង ។
ក្រោយកើតហេតុយុវជនរងគ្រោ បានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីឱ្យជួយស្រាវជ្រាវ តាមចាប់បុរសដៃដល់នោះ មកផ្ដន្ទាទោសតាមផ្លូវច្បាប់៕
មតិយោបល់