ព័ត៌មានជាតិ

អ្នកច្រៀងភ្លេងការម្នាក់ បើករថយន្តសុខៗ ផ្ទុះឆេះ…

ភ្នំពេញ: រថយន្តRARV4 មួយគ្រឿង ខណ:ម្ចាស់កំពុងបើកបរតាមផ្លូវ ស្រាប់តែជួបបញ្ហាឆ្លងភ្លើង បណ្តាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការផ្អើលឆោឡោ កាលពីវេលាម៉ោង៤ព្រឹក ថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិស្រែអពិល សង្កាត់ស្នោ ខណ្ឌពោធិសែនជ័យ។

ករណីនេះ បើទោះបីជាមានការអន្តរាគមន៍ពីបងប្អូនប្រជាពលរដ្ឋ ក៏មិនអាចសង្រ្គោះរថយន្តមួយគ្រឿងខាងលើបានដែរ រហូតដល់មានរថយន្តពន្លត់អគ្គិភ័យចេញទៅជួយទៀត តែហួសពេលទៅហើយ ព្រោះរថយន្តត្រូវភ្លើងឆេះខ្ទេច សល់តែគ្រោងដែកប៉ុណ្ណោះ។

ម្ចាស់រងគ្រោះឈ្មោះ ចាន់ សុជាតិ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ សិល្បករ ផ្នែកប្រពៃណី « ច្រៀងភ្លេងការ » មានទីលំនៅ ភូមិសំរោងលើ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ចំណែកឯរថយន្តជួប នូវបញ្ហាបច្ចេកទេសនោះ ម៉ាក RAV4 ពណ៌ព្រីងទុំ ពាក់ស្លាកលេខ ភ្នំពេញ 2J-3990 ។

តាមសមត្ថកិច្ច បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ត្រូវធ្វើដំណើរទៅច្រៀងភ្លេងការ នៅឯខាងខណ្ឌទួលគោក ដោយបើករថយន្តខាងលើ កាត់តាមផ្លូវបេតុង ក្នុងភូមិ ស្រែអំពិលដល់ចំណុចកើតហេតុ ស្រាប់តែមានផ្សែងភ្លើង ឆេះចេញពីបន្ទប់ម៉ាស៊ីនក្បាលអាគុយ ដោយភ្លើងឆេះកាន់តែខ្លាំងឡើង ទើបបង្កឲ្យភ្ញាក់ ផ្អើលដល់ប្រជាពលរដ្ឋចេញមកអន្តរាគមន៍ ជួយដងទឹកជះ តែមិនឈ្នះ ត្រូវភ្លើងឆេះរថយន្តខ្ទេចសល់តែគ្រោងទេ៕

មតិយោបល់