ព័ត៌មានជាតិ

បុរសវ័យចំណាស់ម្នាក់ ស្រវឹងស្រាជោគជាំ បើករថយន្តបុកទ្រូងផ្លូវ បាក់អស់១កង់ ហើយដេកលក់ធ្វើព្រងើយ

ភ្នំពេញ: បុរសម្នាក់ស្រវឹងស្រាជោគជាំ បានបើករថយន្តបុកកក្បាលនាគទ្រូងពុះចែកផ្លូវ បណ្ដាលឲ្យបាក់អស់មួយកង់ និងរថយន្តរងការខូចខាតដាច់កង់ឆ្វេងទៅមុខលែងរួច។

ហេតុការណ៍នេះ បានកើតនៅវេលាម៉ោង១១ និង៤០នាទីយប់ថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវព្រះមន្នីវង្ស កែងផ្លូវភ្លោះអូឬស្សី ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តមួយម៉ាកកាមរីហាយព្រីត ពណ៌ស្ករ ពាក់ស្លាក់លេខ ភ្នំពេញ 2U-5042 បើកបរដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹងមានទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន។មកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅបុកក្បាលនាគទ្រូងពុះចែកផ្លូវ បាក់អស់ចំនួន១កង់ រីឯរថយន្តរងការខូចខាតដាច់កង់ខាងឆ្វេង បើកទៅមុខលែងរួច ចំណែកម្ចាស់រថយន្តស្រវឹងខ្លាំងពេក ក៏ដេកលង់លក់ក្នុងរថយន្តតែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទំនាក់ទំនងទៅមន្រ្តីជំនាញចរាចរណ៍ជើងគោក ដើម្បីវាស់វែង និងស្ទួចរថយន្តទៅរក្សាទុក នៅឯស្នងការនគរបាលរាជធានីភ្នំពេញ រងចាំម្ចាស់រថយន្តដោះស្រាយនៅពេលក្រោយ៕

មតិយោបល់