ភ្នំពេញៈ ស្ត្រីម្នាក់បានបែកក្បាលស្លាប់ ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម និងបុរសម្នាក់ទៀតរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យលោកសង្ឃ បន្ទាប់ពីជិះម៉ូតូឌ្រីមសង់មួយគ្រឿងឌុបគ្នា ត្រូវរថយន្តមិនស្គាល់ម៉ាក បុកហើយកិន រួចបើកគេចបាត់ស្រមោល។
ហេតុការណ៍ដ៏រន្ធត់នេះ កើតឡើងនៅវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតតាមផ្លូវបេតុង ចំណុចមុខវិទ្យុអ៊េប៊ីស៊ី ក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោរាជធានីភ្នំពេញ។
ជនរងគ្រោះមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ។ តាមប្រភពពីកន្លែងកើត បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ រួមដំណើរនិងស្ត្រីម្នាក់ ជិះម៉ូតូឌ្រីមសង់០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់1H-4175 ធ្វើដំណើរពីត្បូងទៅជើង ក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តកូរ៉េមួយគ្រឿង មិនចាំស្លាកលេខ ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងបញ្ច្រាសទិសគ្នា បានបុកពេញទំហឹងហើយកិនចំក្បាលស្ត្រីម្នាក់ស្លាប់មួយរំពេច រីឯបុរសម្នាក់ទៀតរងរបួសធ្ងន់។
ភ្លាមៗនោះរថយន្តបង្ក មិនបានឈប់ទទួលខុសត្រូវនោះទេ បានបន្ថែមល្បឿនបើករត់គេច ដោយសុវត្តិភាព៕
ក្រោយហេតុការណ៍ជនរងគ្រោះរបួសធ្ងន់ ត្រូវបានរថយន្តគ្លីនិចឯកជនដឹកយកទៅមន្ទីរពេទ្យលោកសង្ឃ ដើម្បីសង្គ្រោះជីវិត។ ចំណែកវត្ថុតាងម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍ រងចាំសាច់ញ្ញាតិយកឯកសារមកផ្ទៀងផ្ទាត់ និងប្រគល់ជូនវិញ។
បច្ចុប្បន្នសពជនរងគ្រោះ សមត្ថកិច្ចទាក់ទងរកក្រុមគ្រួសារ យកទៅស្រុកកំណើរធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់