ភ្នំពេញ: នារីក្លាហានជិះម៉ូតូដេញបំបុកម៉ូតូចោរឆក់ទូរស័ព្ទ ដួលទាំងសងខាង បណ្តាលឲ្យរងបួសបែកមុខបែកមាត់ យកទូរស័ព្ទមកវិញ ខណៈជនសង្ស័យរត់គេចខ្លួនបាត់។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១ និង១៥នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខក្រសួងមហាផ្ទៃ តាមបណ្តោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន។
ជនរងគ្រោះឈ្មោះ សុខ ខា ភេទស្រី អាយុ៣២ឆ្នាំ មុខរបរអ្នកចម្រៀង តាមអកកាដង់។
តាមសម្ដីជនរងគ្រោះ រាយការណ៍បានប្រាប់សមត្ថកិច្ច បានឲ្យដឹងថា មុនកើតហេតុរូបនាង បានចេញពីកម្មវិធីមួយកន្លែង ដោយជិះម៉ូតូមួយគ្រឿងសេ១២៥ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1K 0036 ធ្វើដំណើរត្រលប់មកវិញ ទិសដៅពីត្បូងទៅជើង។
មកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកសង់បិច សេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BS 2213 រួចធ្វើសកម្មភាពឆក់ទូរស័ព្ទ ម៉ាកអាយហ្វូនសិចផ្លើស ពីរូបនាង ដែលកំពុងតែនិយាយបានសម្រច។
ភ្លាមៗនោះរូបនាង បានសាងលេខម៉ូតូ ហើយជិះដេញបំបុកម៉ូតូជនសង្ស័យឲ្យដួលទាំងសងខាង បណ្តាលឲ្យនាងរងបួសបែកមុខបែកមាត់ បន្ទាប់មកយកទូរស័ព្ទពីជនសង្ស័យបានមកវិញ ចំណែកជនសង្ស័យងើបរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកម៉ូតូ ដែលជិះធ្វើសកម្មភាពឆក់ នៅនឹងកន្លែងកើតហេតុ។
ជនរងគ្រោះ ត្រូវបានមិត្តភក្តិ ដឹកតាមរថយន្តមួយគ្រឿង យកទៅព្យាបាលនៅមន្ទីរពេទ្យ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះធ្វើការវាស់វែង រួចយកម៉ូតូទាំងពីរគ្រឿង ទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលសង្កាត់ទន្លេរបាសាក់ បណ្តោះអាសន្ន ទុកប្រគល់ឲ្យជនរងគ្រោះវិញ ចំណែកម៉ូតូជនសង្ស័យ សមត្ថកិច្ចទុកធ្វើការស្រាវជ្រាវ ដើម្បីតាមចាប់ខ្លួនជនសង្ស័យមកផ្តន្ទាទោសតាមផ្លូវច្បាប់៕
មតិយោបល់