ព័ត៌មានជាតិ

ជិះម៉ូតូ​ដួល​ខ្លួន​ឯង​ ​ស្លាប់​ម្នាក់ ​និង​​របួស​ធ្ងន់​ម្នាក់

ភ្នំពេញៈ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​ នៅកន្លែង​កើតហេតុ ខណៈ​បុរស​ម្នាក់ទៀត​រងរបួស​ កំពុង​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​ បន្ទាន់​ពី​ជិះ​ម៉ូតូមួយគ្រឿង​ឌុបគ្នា​​ដួល​ខ្លួន​ឯង​ ​កាលពី​វេលាម៉ោង​១ និង៥០នាទី​រំលង​អធ្រាត្រ​ ឈានចូលថ្ងៃទី​១៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ ត្រង់ចំណុច​ទល់​មុខ​វត្ត​សុវណ្ណមុនីវង្ស (ហៅវត្ត​អន្លង់​ក្ងាន​)​ តាមបណ្ដោយ​ផ្លូវ​ហាណូយ​ ស្ថិត​ក្នុង​ភូមិ​អន្លង់​ក្ងាន​ សង្កាត់​ឃ្មួញ​ ខណ្ឌ​សែនសុខ​។

តាមប្រភពព័ត៌មាន​ពីកន្លែងកើតហេតុ បាន​ឲ្យ​ដឹង​ថា​ នៅមុន​ពេល​កើត​ហេតុ​ គេបាន​ឮសំទ្បេង​ដួល​អូស​យ៉ាងខ្លាំង​ ពេល​នោះក៏មាន​ប្រ​ជាពលរដ្ឋ​ដែល​រស់នៅជិត​កន្លែង​កើតហេតុ​ ចេញ​ពី​ក្នុង​ផ្ទះ​មកមើល​ ស្រាប់​តែ​ឃើញ​បុរស​​ទាំងពីរ​នាក់​ខាងលើ​ កំពុង​ដេក​ដួល​ស្តូកស្តឹង​នៅ​ផ្លូវ​ដោយមាន​រងរបួស​ឈាម​ស្រោច​ពេញ​ខ្លួន​ រួមទាំង​ម៉ូតូ​មួយគ្រឿង​ម៉ាក​ ហុងដាភីស៊ីអ៊ិច​ ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​1HE-9856 ដែល​រងការខូចខាត​ផ្នែកខាងមុខ​យ៉ាង​ដំណំ​ ដួលនៅក្បែរនោះផងដែរ។

ភ្លាមៗ​នោះ​ប្រជាពលរដ្ឋ​ ក៏បាន​រាយការណ៍​ទៅ​រថយន្ត​សង្គ្រោះ​បន្ទាន់​ និង​សមត្ថកិច្ច​មូល​ដ្ឋាន​ ឲ្យ​ចុះ​មក​ធ្វើការ​អន្តរាគមន៍​ជួយសង្គ្រោះ​។ បន្ទាន់​មកក៏​មាន​រថយន្ត​សង្គ្រោះ​បន្ទាន់​ របស់​គ្លីនិក​ឯកជន​សម្ភពរស្មី​បាន​ចុះ​មក​ធ្វើការ​ដឹកបុរសម្នាក់ ដែល​រងរបួស​បែក​ច្រមុះ​សន្លប់​ស្ដូកស្ដឹង​យកទៅសង្គ្រោះ​ភ្លាមៗ​។

ដោយទ្បែកជាអរកុស​លបុរស​ម្នាក់ទៀត​ គឺរងរបួស​រយះ.ក​និងបែក​ក្បាល​ បានដាក់​ខ្យល់​ស្លាប់​ភ្លាមៗ​ ខណៈដែល​រថយន្ត​សង្គ្រោះ​បន្ទាន់​បានចុះ​មក​ដល់​។

សមត្ថកិច្ច​ជំនាញ​ បាន​ឲ្យដឹងថា​ នៅ​មុន​ពេល​កើត​ហេតុ​ជនរងគ្រោះ​ទាំង​ពីរ​នាក់​ បាន​បើកបរ​ម៉ូតូ​ខាងលើ​ ធ្វើដំណើរពី​ត្បូង​ទៅ​ជើងតាមបណ្ដោយ​ផ្លូវ​ហាណូយ​ ក្នុងល្បឿនយ៉ាងលឿន​។ លុះមកដល់ចំណុច​កើតហេតុ​ទំនង​ម៉ូតូ​ខាងលើ បាន​អក់ហ្សើនិងអ្វី​មួយ​ រួច​ក៏​ចាប់​ហ្វ្រាំង​ បណ្តាលឲ្យ​បោកដួល​អូស​ជិត២០០ម៉ែត្រ​តែម្ដង​ទៅ​។

សពបុរស​រងគ្រោះ​ មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ​ គឺ​មាន​វ័យ​ប្រហែល៣០ឆ្នាំ​។

ក្រោយ​ពេល​កើត​ហេតុ​សមត្ថកិច្ច​ ជំនាញ​ចុះបាន​ធ្វើការ​វាស់​វែង​ យកម៉ូតូ​របស់​ជនរងគ្រោះ ​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​សែនសុខ​ដើម្បី​រង់ចាំ​ប្រគល់​ទៅ​សាច់ញាតិ​ជន​រងគ្រោះ​ នៅ​ពេល​ក្រោយ​។

ដោយ​ឡែក​សពបុរស​រងគ្រោះ ​ត្រូវបាន​សមត្ថកិច្ច​ដឹក​យកទៅ​តម្កល់​នៅក្នុងវត្ត​ទឹក​ថ្លា ​ដើម្បី​ស្វែងរក​សាច់​ញាតិ​ឲ្យ​មក​ទទួល​យក​ទៅ​ធ្វើ​បុណ្យ​ទៅ​តាម​ប្រពៃណី​៕​

មតិយោបល់