អាមេរិកៈ ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃច័ន្ទបានអំពាវនាវឲ្យប្រទេសរុស្ស៊ី ជួយសម្រួលការផ្តល់ជំនួយផ្នែកមនុស្សធម៌ ដល់ជំរំជនភៀសខ្លួន Rukban នៅក្នុងប្រទេសស៊ីរី។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩។
រដ្ឋាភិបាលអាមេរិក បានអំពាវនាវអស់រយៈពេលជាច្រើនខែកន្លងមកហើយ សម្រាប់របបស៊ីរី ដែលដឹកនាំដោយប្រធានាធិបតីលោក Bashar Assad ដើម្បីអនុញ្ញាតឲ្យមានការចូលទៅកាន់ជំរំ Rukban យ៉ាងឆាប់រហ័ស ដើម្បីសុវត្ថិភាព និងគ្មានឧបសគ្គដល់ UN។
ដោយលោក Robert Palladino អ្នកនាំពាក្យរងរបស់ក្រសួងការបរទេសអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្បួនមនុស្សធម៌នាពេលថ្មីៗនេះ គឺជាជំហានវិជ្ជមានមួយ ហើយយើងសូមអំពាវនាវឲ្យរុស្ស៊ី ជួយសម្របសម្រួលដល់ការបន្តផ្តល់ជំនួយមនុស្សធម៌ ជាទៀងទាត់ទៅកាន់ទីតាំងនោះ។
ក្នុងនោះលោក Palladino ក៏បានសរសើរពីការផ្តល់ជំនួយមនុស្សធម៌នាពេលថ្មីៗនេះ ដល់ជំរុំ Rukban ដោយអង្គការសហប្រជាជាតិ និងអឌ្ឍចន្ទក្រហម SARC ផងដែរ៕
មតិយោបល់