ព័ត៌មានជាតិ

ឃាត់ខ្លួនបក្ខពួកម្នាក់ទៀត ពាក់ព័ន្ធករណីឃាតកម្ម

ភ្នំពេញៈ កម្លាំងកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យបានស្រាវជ្រាវចាប់ខ្លួនសង្ស័យម្នាក់ទៀតកាលពីវេលាម៉ោង៣រសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦ ចំណុចភូមិត្រពាំងពោធិ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ជាបក្ខពួករបស់ក្រុមជនសង្ស័យ ដែលកម្លាំងបានបង្ក្រាបកាលពីម្សិលមិញ ពាក់ព័ន្ធករណីឃាតកម្ម។

អាវុធហត្ថខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា ជនសង្ស័យឈ្មោះ វួគ ធីម ហៅអាត្រងោល ភេទប្រុស អាយុ២៣ឆ្នាំ ស្រុកកំណើតភូមិរកាកោងឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ សព្វថ្ងៃស្នាក់នៅបន្ទប់ជួលលេខ១១ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ។

អាវុធហត្ថខណ្ឌពោធិ៍សែនជ័យបន្តថា ក្រោយពីឃាត់ខ្លួនជនសង្ស័យ កម្លាំងបានដកហូតវត្ថុតាងរួមមាន៖ -ទូរស័ព្ទ Nokia អ៊ិនចុចពិល១គ្រឿង -កាបូបដៃ១ ក្នុងកាបូបមានប្រាក់ខ្មែរ២៤០០០រៀល ប្រាក់ដុល្លារ20$ និងអត្តសញ្ញាណប័ណ្ណកូពីមួយសន្លឹក។

ក្រោយការសួរនាំជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានចូលរួមធ្វើសកម្មភាពកាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចក្រោយផ្សារកាណាសីធី បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសម្នាក់ពិតប្រាកដមែន។

ជនសង្ស័យបានបន្ដថា ម៉ូតូដែលជិះធ្វើសកម្មភាពនៅថ្ងៃនោះ គឺម៉ាកហុងដា C125 ពណ៌ខ្មៅស្លាកលេខ ភ្នំពេញ 1CH-7013 ស៊េរី២០១៤ហើយម៉ូតូនេះខ្លួនបានយកទៅលាក់ទុកផ្ទះម្តាយនៅខេត្តកំពង់ស្ពឺ ដោយឡែកបក្ខពួកម្នាក់ទៀតរត់គេខ្លួនបាត់៕

មតិយោបល់