ភ្នំពេញៈ ដោយមានការឧបត្ថម្ភពេញទំហឹងពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ក្រុម កុនខ្មែរ កូនខ្មែរ សហការជាមួយទីភ្នាក់ងារ RHA (រេមីហ៊ូ) នឹងរៀបចំធ្វើមហោស្រពភាពយន្តខ្លីចតុមុខ២០១៦ (CSFF 2016) ដែលផ្តោតលើប្រធានបទ ទាក់ទងនឹងការជួញដូរមនុស្ស និងចំណាកស្រុក ដែលរំពឹងថានឹងមានសមិទ្ធិករចូលរួមច្រើនជាឆ្នាំមុន។
កញ្ញា មាន សូនីតា ជាទូតសុឆន្ទៈរបស់ USAID សម្រាប់កម្មវិធីប្រយុទ្ធប្រឆាំងការជួញដូរ មនុស្សនៅកម្ពុជា នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦ បានថ្លែងក្នុងពិធីបើកសម្ពោធមហោស្រពភាពយន្តខ្លីចតុមុខឆ្នាំ២០១៦ នៅសណ្ឋាគារមីតូថា “ប្រធានបទឆ្នាំនេះទាក់ទងនឹងការជួញដូរមនុស្ស និងចំណាកស្រុក ដែលនឹងត្រូវរំលេចជាពិសេស ដើម្បីជំរុញឱ្យការចំណាកស្រុកប្រកបដោយសុវត្ថិភាព”។
កញ្ញាលើកឡើងថា អ្នកធ្លាប់ធ្វើចំណាកស្រុកបានយល់ពីការលំបាកនេះ គឺគ្មានមានភាពជឿជាក់ក្នុងជីវិតរស់នៅ បាត់បង់ឱកាសសិក្សា ប្រឈមការបែកបាក់ឪពុកម្តាយ ប្រឈមការរំលោភបំពាននានា ដូចដែលធ្លាប់មាននៅក្នុងប្រទេសកម្ពុជាស្រាប់ មិនថាការធ្វើចំណាកស្រុកក្នុង និងក្រៅប្រទេសនោះទេ ពិតជាមិនចង់ឱ្យកើតមានសម្រាប់កម្ពុជា។ តាមរយៈមហោស្រពនេះ ការតាក់តែងនិពន្ធ ការផលិតជាភាពយន្តខ្លី ឬ ការផលិតឯកសារពាក់ព័ន្ធការអប់រំផ្សេងៗ នឹងបង្ហាញពីផលវិបាកដែលកើតចេញអំពីការជួញដូរ មនុស្ស ការធ្វើចំណាកស្រុក និងផលប៉ះពាល់ដែលកើតចេញអំពីបញ្ហាទាំងនោះ។
លោក ហ៊ូ រេមី ដែលជាប្រធានមហោស្រព និងស្ថាបនិក RHA ជាក្រុមហ៊ុនគ្រប់គ្រង តំណាងឱ្យតួសម្តែងនានាទាំងតួថ្មីៗ និងតួរជើងចាស់បានឱ្យដឹងថា មហោស្រពនេះនឹងផ្តល់ឱកាសដល់សមិទ្ធិករថ្មីថ្មោង ក្នុងការអភិវឌ្ឍជំនាញរបស់ខ្លួន តាមរយៈសកម្មភាពរួមមានការបណ្តុះបណ្តាលផ្នែកថត មុនថត ក្រោយថត និងការចូលរួមប្រកួតភាពយន្តខ្លីជាដើម។ ការប្រកួតនេះទៀតសោតនឹងរួមមានរង្វាន់ផ្សេងៗសម្រាប់សមិទ្ធិករជ័យលាភីនិងការទទួលស្គាល់ជាពិសេស សម្រាប់បេក្ខជនដែលលើកយកបញ្ហាដែលទាក់ទងនឹងការជួញដូរមនុស្ស និង ចំណាកស្រុក ក្នុងភាពយន្តរបស់ខ្លួន ប្រកបដោយភាពសុក្រឹត និងទាក់ទាញចិត្ត។
លោក ស៊ិន ចន្ទសាយ៉ា ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌លើកឡើងថា មហោស្រពភាពយន្តខ្លីនេះពិតជាមានសារៈសំខាន់ណាស់ សំរាប់វិស័យសិល្បៈទី៧របស់កម្ពុជា បើទោះជាកម្ពុជាដើរក្រោយគេមួយជំហានតែវិស័យនេះត្រូវបានគេមើលឃើញថាមានសន្ទុះខ្លាំងនៅក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ «រាល់ទម្រង់សិល្បៈសុទ្ធតែមានទំនាក់ទំនងនឹងគ្នាមិនថា ម៉ូតច្នៃ ភាពយន្ត តន្រ្តី វប្បធម៌ ស្ថាបត្យកម្ម និងទម្រង់ផ្សេងទៀត ដែលបញ្ជាក់អត្តសញ្ញាណខ្មែរ»៕
មតិយោបល់