កំពង់ស្ពឺៈបុរសដែលជាជនសង្ស័យម្នាក់ជាប់ខ្នោះរបស់សមត្ថកិច្ចករណីចោរកម្ម(លួចម៉ូតូ)បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៤

និង០០នាទី ថ្ងៃ២១ ខែកុម្ភះ ឆ្នាំ២០១៩ នៅចំណុចភូមិអង្គទន្លាប់ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពងើស្ពឺ ។
ជនសង្ស័យឈ្មោះ ស៊ុន វិចិត្រ ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិរបងច្រុះ ឃុំសំរោងទង ស្រុកសំរោងទង បានធ្វើសកម្មភាពលួចយកម៉ូតូ ០១ គ្រឿង ម៉ាក ស៊ី.អ.អេហ្វ(CRF) ពណ៌ស គ្មានស្លាកលេខ ជារបស់ឈ្មោះម៉ិច វណ្ណរ៉ា ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅសង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយពេលនោះជនរងគ្រោះកំពុងវាស់ដីឡូត៍ ហើយពុំបានដកសោរម៉ូតូចេញ។
តាមចម្លើយជនសង្ស័យថាមកពីខ្លួនប៉ងស្រលាញ់ម៉ូតូធំយូហើយ តែពេលឃើញម៉ូតូគេទុកចោលដោយមានសោរផង ក៏ឆ្លៀតឱកាសលួចឡើងជិះរត់តែម្ដង នៅពេលជនសង្ស័យជិះម៉ូតូចេញបានប្រហែល៥០ម៉ែត្រទើបម្ចាស់បានដឹងហើយស្រែកថាចោរៗលួចម៉ូតូហើយក៏នាំគ្នាជិះម៉ូតូដេញតាមពីក្រោយចាប់បានជនសង្ស័យរួមជាមួយភស្ដុតាងម៉ូតូដកហូតមកវិញ រួចប្រគល់ជូនសមត្ថកិច្ចស្រុកសំរោងទង ចាត់ការតាមច្បាប់។
លោក ឃុត សុផល អធិការស្រុកសំរោងទង បញ្ជាក់ឲ្យដឹងថាជនសង្ស័យមុនពេលធ្វើសកម្មភាពលួចម៉ូតូគឺបានជិះម៉ូតូរបស់ខ្លួន C125 ពណ៌ខ្មៅ យកមកទុកចោលក្បែរម៉ូតូជនរងគ្រោះហើយឆ្លៀតឱកាសម្ចាស់ម៉ូតូមិនដកសោរចេញពីម៉ូតូ ពេលវេលាអំណោយផលជនសង្ស័យ ក៏លួចឡើងបញ្ឆេះម៉ូតូជិះរត់តែម្ដង។
បច្ចុប្បន្នជនសង្ស័យត្រូវបានជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល កសាងសំណុំរឿងបញ្ជូនទៅស្ថាប័នអយ្យការ អមសាលាដំបូងខេត្តកំពង់ស្ពឺ ចាត់ការតាមនីតិវិធីច្បាប់ រីឯម៉ូតូត្រូវបាននគរបាលប្រគល់ជូនម្ចាស់វិញ៕
មតិយោបល់