ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធនឹងករណីជួញដូរមនុស្ស នៅផ្ទះសំណាក់ សុខវិសាល..

កណ្ដាល: ទីតាំងផ្ទះសំណាក់យីហោ សុខ វិសាល មួយកន្លែងនៅក្រុងតាខ្មៅ ត្រូវបាននគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល សហការជាមួយនគរបាលក្រុងតាខ្មៅ ចុះធ្វើការបង្ក្រាប និងធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ យកមកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

ករណីបង្ក្រាបខាងលើ ធ្វើឡើងនៅវេលាម៉ោង ៩ និង៣០នាទីយប់ថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវលេខ ១១០B ស្ថិតក្នុងភូមិថ្មី២ សង្កាក់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល ។

មន្ត្រីនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានឲ្យដឹងថា ផ្ទះសំណាក់ដែលត្រូវធ្វើការបង្ក្រាបមានយីហោ សុខ វិសាល មានទីតាំង ត្រង់ចំណុចផ្លូវលេខ ១១០B ភូមិថ្មី២ សង្កាក់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល ។ ជនសង្ស័យជាអន្តរការីឈ្មោះ ទូច ចាន់ ហៅក្រពុំឈូក ភេទប្រុស អាយុ៣៥ឆ្នាំ មានស្រុកកំណើតភូមិអង្គបាន ឃុំអង្គបាន ស្រុកកងមាស ខេត្តកំពង់ចាម មានទីលំនៅបច្ចុប្បន្ននៅផ្ទះជួលក្នុងភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល (ត្រូវឃាត់ខ្លួន) ។

ចំណែកនារីរងគ្រោះដែលកម្លាំងនគរបាលធ្វើការសង្គ្រោះមានគ្នា៦នាក់ ទី១-ឈ្មោះ លីហួ (អនីតិជន)ទី២-ឈ្មោះ ម៉ៅ រក្សា ទី៣-ឈ្មោះ សៀង គា ទី៤-ឈ្មោះ ធី ចាន់លីណា ទី៥-ឈ្មោះ មុន លក្ខិណា និងទី៦ -ឈ្មោះ ពេជ្រ រតនា ។

ប្រភពដដែលបន្តថា ក្រោយពីកម្លាំងនគរបាលជំនាញខេត្ត ទទួលបានព័ត៌មានករណីខាងលើ នៅចំណុចផ្ទះសំណាក់ ភ្លាមនោះកម្លាំងជំនាញ បានធ្វើការសហការ ជាមួយកម្លាំងនគរបាលក្រុងតាខ្មៅ រហូតឃាត់ខ្លួនជនសង្ស័យខាងលើ យកមកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។
ចំពោះនារីរងគ្រោះ៦នាក់ ត្រូវបាននាំមកការិយាល័យជំនាញខេត្ត ធ្វើការសង្រ្គោះ និងមានការជួយឧបត្ថម្ភ ពីអង្គការមេត្រី អន្តរជាតិផងដែរ៕

មតិយោបល់