ព័ត៌មានជាតិ

គាបជើងរងរបួសម្នាក់ បន្ទាប់ពីរថយន្តកុងតឺន័របត់ឆ្លងផ្លូវទៅបុករថយន្តសាំយ៉ុង

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែល រថយន្តកុងតឺន័រមួយគ្រឿង បើកបត់ឆ្លងផ្លូវត្រឡប់ក្រោយ ជ្រុលទៅបុករថយន្តសាំយ៉ុង បណ្តាលឲ្យបែកកញ្ចក់ ខ្ទេចមួយចំហៀង គាបជើងរងរបួសម្នាក់ កាលពីវេលាម៉ោង ២និង១០នាទីរសៀល ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ភាគីរថយន្តសាំយ៉ុង ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2BL-1421 ដែលធ្វើដំណើរតាមផ្លូវជាតិលេខ៣ ពីជើងទៅត្បូង ដល់ចំណុចកើតហេតុ ស្រាប់តែភាគីរថយន្តកុងតឺន័រ ម៉ាកFUSO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-9070 បើកពីត្បូងទៅជើង បត់ឆ្វេងឆ្លងផ្លូវត្រឡប់ក្រោយ ជ្រុលបុកកៀរពីចំហៀង បណ្តាលឲ្យរងខូចខាតបែកកញ្ចក់ ខ្ទេចមួយចំហៀង កៀបជើងស្តាំ រងរបួសបុរសម្នាក់ ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានអ្នករួមដំណើរដឹកយកទៅពេទ្យ ចំណែករថយន្តទាំង២គ្រឿង សមត្ថកិច្ចយកដាក់កៀនខាង ឲ្យភាគីទាំង២ និយាយសម្របសម្រួលគ្នា មួយជំហានសិនបើមិនត្រូវគ្នា និងរាយការណ៍ទៅផ្នែកជំនាញ ចុះធ្វើការវាស់វែងយកទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយ៕

មតិយោបល់