ព័ត៌មានជាតិ

កុំចេះតែហ៊ាន! ប្រធានផ្នែកលក់ក្រុមហ៊ុនអចលនៈទ្រព្យណតផាក ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញៈ ជនជាតិបរទេសម្នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខ ចាប់ឃាត់ខ្លួនតាមបណ្តឹង របស់ក្រុមហ៊ុនអចលនៈទ្រព្យ ចោទប្រកាន់រំលោភលើទំនុកចិត្ត ដកលុយក្រុមហ៊ុនចាយ។

ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុចក្រុមហ៊ុនអចលនៈទ្រព្យណតផាក ផ្លូវ២០០៤ ភូមិអ័កគីដេរ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

ជនសង្ស័យ ឈ្មោះ TAN CHEE KEONG CHRISTOPHER ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិម៉ាឡេស៊ី មុខរបរប្រធានផ្នែកលក់របស់ក្រុមហ៊ុនអចលនៈទ្រព្យណតផាក ស្នាក់នៅផ្ទះជួល ផ្លូវ៤៩២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ (មានសារធាតុញៀន) របួសជាំលើមុខ កាន់លិខិតឆ្លងដែនលេខ A24926868 ។

ដើមបណ្តឹង ឈ្មោះ ធិ ទេវី ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរបុគ្គលិក ក្រុមហ៊ុនអចលនៈទ្រព្យណតផាក ស្នាក់នៅផ្ទះលេខ១៣១ ផ្លូវបេតុង ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ (តំណាងក្រុមហ៊ុន)។ សម្ភារបាត់បង់៖ លុយដុល្លារចំនួន ២៦១,២០០ដុល្លារ។

ផ្អែកតាមបណ្តឹង នៅមុនពេលកើតហេតុ ជនសង្ស័យ បានចូលមកប្រទេសកម្ពុជា ដោយបានធ្វើការជាប្រធានផ្នែកលក់ របស់ក្រុមហ៊ុនអចលនៈទ្រព្យណតផាក ហើយជនសង្ស័យ បានដកយកលុយពីក្រុមហ៊ុនចាយវាយ ចំនួន០៥លើក សរុបជាទឹកប្រាក់ចំនួន ២៦១,២០០ដុល្លារ ដោយនៅថ្ងៃកើតហេតុ ក្រុមហ៊ុន បានធ្វើការពិនិត្យបញ្ជីទើបដឹងថា ជនសង្ស័យ បានដកយកលុយរបស់ក្រុមហ៊ុនទៅចាយ ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យ ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម ធ្វើការសាកសួរ រួចភាគីក្រុមហ៊ុន បានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

មតិយោបល់