កណ្ដាល: នៅវេលាម៉ោង ១២ និង ៤០នាទីរំលងអធ្រាត្រឆ្លងចូលថ្ងៃទី ០៥ ខែមីនា ឆ្នាំ២០១៩ មានករណីនារីម្នាក់ ជិះម៉ូតូក្នុងល្បឿនលឿន រេចង្កូតបុកបង្កាន់ដៃស្ពាន បណ្ដាលឲ្យដួលបោកក្បាលស្លាប់ យ៉ាងអាណោចអធ័ម នៅលើស្ពានព្រែកតាម៉ាក់ត្រើយខាងលិច ស្ថិតក្នុងភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះ សន សេងហៀប ភេទស្រី អាយុ ៣០ឆ្នាំ មានទីលំនៅភូមិទួលទ្រា ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បើកបរម៉ូតូម៉ាកស៊ុយហ្ស៊ូគីឡេត ពណ៌សលាយខៀវ ពាក់ស្លាកលេខ ព្រៃវែង 1L-1359។
សមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញនារីរងគ្រោះ ជិះម៉ូតូម៉ាកស៊ុយហ្ស៊ូគីឡេត ធ្វើដំណើរពីកើតទៅលិច (ព្រែកតាម៉ាក់ទៅភ្នំពេញ) ក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ ក៏រេចង្កូតកបង្កាន់ដៃស្ពាន បណ្ដាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗមួយរំពេច។
មូលហេតុ៖ បណ្ដាលមកពីបើកបរខ្វះការប្រុងប្រយ័ត្ន មិនមើលពីស្ថានភាពដៃស្ពាន ដួលខ្លួនឯង ។
ក្រោយកើតហេតុ សមត្ថកិច្ចបានកសាងឯកសារ ដកហូតវត្ថុតាងយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកសពនារីរងគ្រោះ ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់