ភ្នំពេញៈ ជម្លោះបែកបាក់ចំណងស្នេហ៍ រវាងប្តីនិងប្រពន្ធ ឈានដល់ចែកផ្លូវគ្នា រួមទាំងទ្រព្យសម្បត្តិ ដើមចមផ្តើមចេញពីរឿងប្តីមានស្រីថ្មី។ កើតហេតុនៅមុខរោងចក្រ ក្នុងភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩។
ភាគីខាងប្តីមានឈ្មោះ សឿន សាន អាយុ៤២ឆ្នាំ មុខរបលក់ដូរមុខរោងចក្រ ស្នាក់នៅផ្ទះជួលក្នុងភូមិព្រៃស្វាយ សង្កាត់ចោមចៅ៣ មានទីលំនៅភូមិ ឈូកវ៉ា សង្កាត់ គោករកា ខណ្ឌព្រែកព្នៅ ។ ចំណែកភាគីខាងប្រពន្ធឈ្មោះ ភឹម ស៊ីហ៊ាង អាយុ៤០ឆ្នាំ មុខរបរចុងភៅ រោងចក្រ ស្នាក់នៅផ្ទះជួល ភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិអំពិល ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង។
តាមសម្តីភាគីខាងប្រពន្ធ បានឲ្យដឹងថា គាត់ជាស្រ្តីម៉េម៉ាយកូន២នាក់ (ប្រុសម្នាក់ស្រីម្នាក់) បានយកគ្នាជាប្តីប្រពន្ធអស់រយៈពេលជាង២ឆ្នាំ ដោយរស់នៅជាមួយគ្នា មិនបានចុះសំបុត្រអាពាហ៍ពិពាហ៍ទេ តែបានរៀបការទទួលដឹងឮពីមេបាចាស់ទុំសងខាង មានកូនមួយ តែបានស្លាប់ទៅវិញ។
ប្រភពដដែលបន្តថា ក្រោយពីរស់នៅក្នុងជីវិតជាប្តីប្រពន្ធ ជាមួយបុរសខាងលើ អស់រយៈពេលជាង២ឆ្នាំ រហូតមកដល់ដើមឆ្នាំ២០១៩នេះ ក្នុងគ្រួសារ ឈានទៅរកភាពរង្គោះរង្គើរ បែកបាក់ស្នេហា ដោយសារការរស់នៅមិនចុះសម្រុងគ្នា ហើយក៏ធ្លាប់មានការប្តឹងផ្ដល់គ្នា ទៅដល់អាជ្ញាធរសង្កាត់ចោមចៅ៣ម្តងមកហើយ។ រហូតមកដល់ព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩នេះ ក្រោយពីលេចឮខាងប្តី ខណៈដែលលែងលះគ្នា មិនទាន់ដាច់ស្រេចផង មានស្រីថ្មីម្នាក់ទៀត នាំយកមកនៅជាមួយ ៥ថ្ងៃមកហើយ ទើបខាងប្រពន្ធ បានទៅយកសម្ភារសេសសល់ នៅធុងទឹកកកចំនួន៣ ខាងប្តីឡូឡា រារាំងមិនអនុញ្ញាតឲ្យ ក៏ទាស់សម្ដីគ្នាផ្អើលទាំងព្រឹក។ រហូតដល់កម្លាំងអាជ្ញាធរ សមត្ថកិច្ចចុះទៅ ប្រមូលលើកធុងទាំង៣ មកសាលាសង្កាត់ ធ្វើការសម្របសម្រួល ទីបំផុតទើប ភាគីខាងប្តីប្រគល់ធុងទាំង៣នោះឲ្យទៅខាងប្រពន្ធ ជាថ្នូរនឹងនាំយកស្រីថ្មី មកជំនួស ។
តាមសម្តី ភាគីខាងប្តីវិញ គ្រាដែលកំពុងដំទ្បើងសរសៃកដាក់គ្នា បានលើកឡើងថា លុយកាក់ របស់របរ ចែកគ្នារួចហើយ ចុះហេតុអ្វីមកយកធុង៣នេះទៀត? តែទោះជាយ៉ាងណាក្តី ខាងស្រីបានលើកឡើងដែរថា ធុងទាំង៣នេះ ជាលុយរបស់គេ ទើបមកយកទៅវិញ។
ទំនាស់រឿងស្នេហាប្រេះឆាអ្នកទាំងពីរ ចុងក្រោយបញ្ចប់ត្រឹមធុងទឹកកក៣ បានទៅខាងស្រីជាប្រពន្ធ រួចដើរចាកចេញរៀងខ្លួន៕
មតិយោបល់