ភ្នំពេញៈ ជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួក១០នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ភ្លាមៗ បន្ទាប់ពីពួកគេតាមធ្វើសកម្មភាពប្លន់យកម៉ូតូ ពីក្រុមនារីវ័យក្មេង៤នាក់ ដែលជិះម៉ូតូចេញពីកោះពេជ្រ បំណងទៅផ្ទះវិញតែប្លន់យកម៉ូតូ មិនបានសម្រេចបង្កជាការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១និង២០នាទី រំលងអធ្រាត ឈានចូលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចមុខណាហ្គា ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថាភ្លាមៗនោះត្រូវបានកម្លាំងនគរបាល ល្បាតប្រទះឃើញ ក៏ផ្ទុះអាវុធ ចំនួន២គ្រាប់ធ្វើឲ្យក្រុមជនសង្ស័យ ភ័យនាំគ្នាជិះម៉ូតូ រត់រហូតដល់ចំណុចមុខវត្តកោះ ផ្លូវព្រះមុន្នីវង់ ទើបឃាត់បានទាំង២នាក់តែម្តង ។
បើតាមក្រុមនារីជនរងគ្រោះ បានឲ្យដឹងថានៅមុនពេលកើតហេតុ ពួកគេមានគ្នា៤នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកC១២៥បានជិះឌុបគ្នាមកពីអង្គុយញ៉ាំអាហារ នៅសួនដែលនៅជិតគល់ស្ពានកោះពេជ្រ ពេលញ៉ាំចប់ ទើបនាំគ្នាចេញមកវិញ ដោយបំណងត្រឡប់ទៅផ្ទះវិញ ខណៈជិះមកដល់មុខកាស៊ីណូណាហ្គា ស្រាប់តែមានជនសង្ស័យ មួយក្រុមមានគ្នា១០នាក់ ជិះម៉ូតូជាច្រើនគ្រឿង បានមកក្បែរហើយ បានធ្វើសកម្មភាពធាក់ម៉ូតូនិង គៀរប្តួលបំណងប្លន់យកម៉ូតូភ្លាម នោះស្របពេលកម្លាំងសមត្ថកិច្ច ល្បាតឃើញទាន់ក៏បានដកកាំភ្លើងបាញ់ចំនួន២គ្រាប់ ឡើងលើធ្វើឲ្យក្រុមជនសង្ស័យ ភ័យជិះម៉ូតូរត់ តាំងពីចំណុចកើតហេតុ រហូតដល់ចំណុច មុខវត្តកោះ តាមបណ្តោយផ្លូវព្រះមុនីវង់ ទើបកម្លាំងនគរបាល ដេញចាប់បាន២នាក់និង ដកហូតម៉ូតូមួយគ្រឿងម៉ាក C១២៥ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1DB 5649 ចំណែកបក្សពួកផ្សេងទៀត រត់គេចខ្លួនបាត់ ។
បច្ចុប្បន្ន ក្រោយពេលកើតហេតុ ជនសង្ស័យទាំង២នាក់ រួមទាំងម៉ូតូត្រូវបានសមត្ថកិច្ច យកទៅប៉ុស្តិ៍រដ្ឋបាលនគរបាល ចតុមុខធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងចាត់ការបន្ត ៕
មតិយោបល់