ព័ត៌មានជាតិ

ហិង្សាជាអំពើខុសច្បាប់! ផឹកស្រាស្រវឹងរៀងៗខ្លួន ប្អូនថ្លៃវាយបងថ្លៃស្លាប់…

កណ្ដាល: នៅវេលាម៉ោង ០៧និង ៥០នាទីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ មានករណីហិង្សាដោយចេតនា បណ្ដាលឲ្យស្លាប់បុរសម្នាក់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ស្ថិតក្នុងភូមិកំពង់អុស ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ។

ជនរងគ្រោះមានឈ្មោះ ពីង ចាន់ ភេទប្រុស អាយុ ៣៣ឆ្នាំ ជាជនជាតិខ្មែរ មុខរបរ អ្នកនេសាទ ត្រូវជាបងថ្លៃ (ស្លាប់) រីឯជនសង្ស័យឈ្មោះ ហៀង រស់ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ (ត្រូវជាប្អូនថ្លៃគេចខ្លួន) អ្នកទាំងពីរ មានទីលំនៅភូមិឃុំកើតហេតុ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ និងជនសង្ស័យដែលត្រូវជាបងប្អូនថ្លៃនឹងគ្នា បានបបួលគ្នាទិញស្រាយកមកផឹក លុះផឹកស្រវឹង ស្រាប់តែមានទំនាស់ពាក្យសម្ដីជាមួយគ្នា បងថ្លៃទប់កំហឹងពុំបាន ក៏ស្ទុះទៅយកពូថៅមកដេញកាប់ប្អូនថ្លៃខ្លួនឯង។

ខណ:នោះស្រាប់តែប្អូនថ្លៃ ក៏បានរត់ទៅយកដំបងឈើមូលប្រវែង ២.៥០ម៉ែត្រ វាយទៅលើបងថ្លៃវិញ ចំលើចិញ្ចើមខាងឆ្វេងចំនួន ១ដំបង បណ្តាលឲ្យបែកផុងដល់លលាដ៍ក្បាល ដួលនិងដី ហើយក៏បានរត់គេចខ្លួនបាត់ស្រមោល។

ភ្លាមៗផងដែរ ជនរងគ្រោះត្រូវបានសាច់ញាតិបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត្រ តែជាអកុសលជនរងគ្រោះ បានស្លាប់ពេលទៅដល់មន្ទីរពេទ្យ។

ករណីនេះ សមត្ថកិច្ចកំពុងកសាងសំណុំរឿង និងស្រាវជ្រាវរកជនដៃដល់យកមកផ្ដន្ទាទោសតាមច្បាប់៕

មតិយោបល់