ភ្នំពេញៈ ក្រុមបងតូចបងធំ អ្នកលេងចិត្តហ៊ាន ចំនួន២ក្រុម ទាស់ពាក្យសម្តីគ្នាដេញវាយប្រសាចតាមដងផ្លូវ បង្កភាពចលាចល ផ្អើលសមត្ថកិច្ចចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រហូតដល់ ភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង សមត្ថកិច្ចចាប់ឃាត់បានបន្តបន្ទាប់៧នាក់នាំទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ នៅយប់ឈានចូលថ្ងៃទី៦ ខែមិនា ឆ្នាំ២០១៩។
តាមប្រភពបានឲ្យដឹងថា ភាគីម្ខាងម៉ូតូ៣គ្រឿង មានគ្នា៥នាក់ ។ ចំណែកភាគីម្ខាងទៀត ម៉ូតូ៣គ្រឿង មានគ្នា៩នាក់ ។
ភាគីទី១ ឃាត់ខ្លួនបាន៤នាក់ ទី១ ឈ្មោះ គួយ ហេង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ កម្មករសំណង់ ។ ទី២ ឈ្មោះ មៀច ពិសិដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ កម្មករសំណង់ ។ ទី៣ ឈ្មោះ ទូច ថាវ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ កម្មកររោងចក្រ ។ ទី៤ ឈ្មោះ ម៉ៅ សំណាង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ កម្មករសំណង់ ។ ទាំង៤នាក់មានទីលំនៅភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ភាគីទី២ ឃាត់ខ្លួនបាន៣នាក់ ទី១ ឈ្មោះ មួន សំណាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស ។ ទី២ ឈ្មោះ វ៉ាន់ រ៉ាវី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ កម្មកររោងចក្រ ។ ទី៣ ឈ្មោះ សន ដាវី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ កម្មកររោងចក្រ ។ ទាំង៣នាក់ មានទីលំនៅភូមិពានអន្សា ឃុំព្រះនិពាន្វ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
ប្រភពបន្តទៀតថា ក្រុមក្មេងដែលមានគ្នា៥នាក់ ជិះម៉ូតូ៣គ្រឿង ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ពីជើងទៅត្បូង លុះមកដល់ចំណុច ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ស្រាប់តែមានក្រុមក្មេងស្ទាវ មួយក្រុមទៀត ដែលមានគ្នា៩នាក់ ជិះម៉ូតូ៣គ្រឿង ប្រដេញតាមពីក្រោយ មកដល់ទន្ទឹម ស្រាប់តែមានម៉ូតូ២គ្រឿង មកកៀកទន្ទឹម ហើយស្រែកគម្រាម និងធាក់ទៅលើ ក្រុមស្ទាវគ្នា៥នាក់ ក៏ក្លាយទៅជាទំនាស់ ស្រែកទ្រហឹងអឺងកងពេញតាមដងផ្លូវ ដេញវាយ ធាក់គ្នា បណ្តោយផ្លូវជាតិលេខ៣ ពីជើងទៅត្បូង ផ្អើលអស់សមត្ថកិច្ច២ខណ្ឌ ទាំងពោធិសែនជ័យ ទាំងខណ្ឌដង្កោ ដេញតាមស្ទាក់ ចាប់ឃាត់បានជាបន្តបន្ទាប់ ។
ភាគីខាង៥នាក់ សមត្ថកិច្ចឃាត់ខ្លួនបាន៤នាក់ រត់គេចរួចម្នាក់ ចំណែកភាគីខាង៩នាក់ សមត្ថកិច្ចឃាត់បាន៣នាក់ រត់រួច ៦នាក់ សរុបទាំង២បក្ខ សមត្ថកិច្ចឃាត់ខ្លួនបាន៧នាក់ ។
ក្រុមក្មេងស្ទាវ បង្កបញ្ហា អសន្តិសុខក្នុងសង្គម ក្រោយពីឃាត់ខ្លួនបាន សមត្ថកិច្ចនាំទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ៣ ដើម្បីបន្តនីតិវិធី ទោះជាភាគីសងខាង គ្មានអ្នករងរបួសក៏ដោយ តែក្រុមក្មេងទាំង២ក្រុម បង្កអសន្តិសុខក្នុងសង្គម ៕
មតិយោបល់