ភ្នំពេញៈ បុរសម្នាក់អ្នករត់តាក់ស៊ីម៉ែត្រ បានបើករថយន្តទាំងស្រវឹងស្រាឡើងជោកជាំ ហើយជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់១កង់ និងរេចង្កូតទៅបុកឃឿនផ្លូវឡើងសួន រងការខូចខាតយ៉ាងដំណំ សំណាងដែរមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួស ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ នៅត្រង់ចំណុចមុខព្រលានយន្តហោះពោធិ៍ជិនតុង តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅពេលកើតហេតុ រថយន្តបង្កម៉ាក កាមរីបាឡែន (រថយន្តតាក់ស៊ី) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AD-5772 បើកបរដោយបុរសម្នាក់ បានធ្វើដំណើរតាមបណ្ដោយផ្លួវសហព័ន្ធរុស្ស៊ី ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ខណះមកដល់ចំណុចកើតហេតុ ព្រមទាំងអ្នកបើកបរស្រវឹងផងនោះ ស្រាប់តែរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់១កង់ ហើយរថយន្តបង្កបានបន្តជ្រុលចង្កូតទៅបុកឃឿន និងសួនច្បារនៅចញ្ចើមផ្លូវ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ទើបទៅមុខលែងរួច ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយទាក់ទងទៅជំនាញចរាចរណ៍ក្រុងឲ្យមកធ្វើការវាស់វែង យករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យម្ចាស់ចូលខ្លួនដោះស្រាយ ៕
មតិយោបល់