ព័ត៌មានជាតិ

update :ស្លាប់៤នាក់របួសធ្ងន់១នាក់(ក្នុងនោះមាន២នាក់ជាសិក្ខាកាមអាវុធហត្ថ) ករណីកុងតៃន័របើកបុករថយន្តកាមរីឆ្លាមនៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញៈ មនុស្ស៣នាក់ស្លាប់ភ្លាមៗនៅក្រោមគំនរដែកនិងម្នាក់ទៀតស្លាប់ពេលបញ្ជូនទៅសង្រ្គោះចំណែក១នាក់ទៀតរងរបួសធ្ងន់ត្រូវបានដឹកបញ្ជូនទៅសង្រ្គោះនៅគ្លីនិកភ្លាមៗ បន្ទាប់ពីជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថយន្តកុងតៃន័របើកបុកជាមួយរថយន្តកាមរីឆ្លាម កាលពីវេលាម៉ោង៤និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែមិនា ឆ្នាំ២០១៩ នៅតាមផ្លូវជាតិលេខ៤ ភូមិគល់ សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ ។

តាមពត៌មាននៅព្រឹកថ្ងៃទី០៦ នេះបន្ទាប់ពីសមត្ថកិច្ចចុះទៅពិនិត្យ និងស្រាវជ្រាវនៅកន្លែងកើតហេតុ ឃើញថា ភាគីខាងរថយន្តកាមរីឆ្លាមទាំង៣នាក់ ជាសិក្ខកាមអាវុធហត្ថ ហ្វឹកហ្វឺននៅសាលាកំបូល ស្លាប់២នាក់ រងរបួសធ្ងន់ម្នាក់ ។ ចំណែកភាគីរថយន្តកុងតៃន័រ ស្លាប់អ្នកបើកបរ និងប្រពន្ធស្លាប់ពេលបញ្ជូនទៅសង្រ្គោះ ។

ប្រភពបន្តទៀតថា មុនកើតហេតុ រថយន្តកាមរីឆ្លាម ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2H-2239 ជិះគ្នា៣នាក់ ជាសិក្ខាកាមអាវុធហត្ថ បើកចេញពីសាលាហ្វឹកហ្វឺនកំបូល បើកបរពីកើទៅលិច ដល់ចំណុចខាងលើ វ៉ាជែងរថយន្តកុងតៃន័រ ពណ៌ខៀវ សណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខ ព្រះសីហនុ 4A-1444 ដឹកដែក បើកស្របទិស ផុតបានបន្តិច កាមរីឆ្លាមគេចពីរថយន្តមកពីខាងមុខ ទាញចង្កូតចូលមកខាងស្តាំវិញ ស្របពេលដែលកុងតៃន័រខាងលើ បើកបរកំពុងលឿនផងនោះ បុករុញធ្លាក់ចូលទឹកទាំងអស់គ្នា បុកទាំងដើមឈើបាក់មួយដើមផង បណ្តាលឲ្យ ភាគីខាងរថយន្តកាមរីឆ្លាមស្លាប់២នាក់ ទី១ ឈ្មោះ ផាក ប៊ុនថា ភេទប្រុស អាយុ២៣ឆ្នាំ ជាសិក្ខាកាមអាវុអហត្ថ មកពីខេត្តតាកែវ ។ ទី២ ឈ្មោះ ម៉ៅ តុលា ភេទប្រុស អាយុ២២ឆ្នាំ ជាសិក្ខាកាមអាវុធហត្ថ មកពីខេត្តកំពង់ធំ មានទីលំនៅភូមិតាំងគោក ឃុំសូយោហ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ ចំណែកម្នាក់ទៀត មិនស្គាល់ឫ្មោះ ។ រីឯភាគីរថយន្តកុងតៃ ស្លាប់ម្នាក់ជាអ្នកបើកបររថយន្ត ឈ្មោះ ផាន់ លីដា ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិជើងឌិក ឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ចំណែកស្រ្តីម្នាក់ជាប្រពន្ធ(ស្លាប់ពេលបញ្ជូនទៅសង្រ្គោះ)របស់អ្នកបើកបររថយន្តកុងតៃន័រ មិនស្គាល់ឈ្មោះ ។

ក្រោយកើតហេតុ ជនរងគ្រោះ ប្រុសម្នាក់ស្រី(ស្លាប់)ម្នាក់ត្រូវបានរថយន្តគ្លីនិក ដឹកយកទៅសង្គ្រោះ រីឯសាកសព ត្រូវបានសមត្ថកិច្ច ហៅយករថយន្តស្ទូចមកលើកគំនរដែកចេញ ទើបយកសាកសពបាន ដឹកយកទៅតំកល់ទុកនៅវត្តទឹកថ្លា រងចាំប្រគល់ជូនសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែករថយន្តទាំង២គ្រឿង សមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក កសាងសំណុំរឿងតាមនីតិវិធី ៕

មតិយោបល់