ភ្នំពេញៈ សង្សារមួយគូរផ្ទុះកំហឹងដាក់គ្នា បើករថយន្តលឿនដូចព្យុះ មកដល់ចំណុចផ្លូវបត់ បួងចង្កូតមិនផុតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺនារីរូបស្រស់ម្នាក់ចុះពីរថយន្តដើរមកទះកំផ្លៀងបុរសជាសង្សារ៦ទៅ៧កំផ្លៀង ហើយទៅរករឿងឈ្លោះជាមួយសមត្ថកិច្ច ខណៈដែលសមត្ថកិច្ចមកជួយអន្តរាគមន៍ថែមទៀត កាលពីវេលាម៉ោង១និង៥០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចស្តុបអាងទឹកអូឡាំពិជ ស្ថិតក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តឡិចស៊ីសRX300 មួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2P-9179 បើកដោយបុរសម្នាក់និងរួមដំណើរដោយនារីស្រស់ស្អាតម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២១៥ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនដូចហោះ លុះមកដល់ចំណុចកើតហេតុ ស្តុបអាងទឹកអូឡាំពិជ មិនបង្អង់ល្បឿនក៏បានបួងចង្កូតបត់ស្តាំយ៉ាងលឿន តែបួងមិនផុតក៏ជ្រុលទៅបុកជាមួយនិងរបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្តាលឲ្យបាក់អស់២កង់ ចំណែករថយន្តវិញ ខ្ទេចខ្ទីផ្នែកខាងមុខ។
ប៉ុន្តែអ្វីដែលហួសចិត្តនិងកាន់តែភ្ញាក់ផ្អើលនោះគឺ នារីរូបស្រស់ម្នាក់ដែលរួមដំណើរជាមួយនោះបានចេញពីក្នុងរថយន្ត ដើរមកទះកំផ្លៀងបុរសជាសង្សារ៦ទៅ៧កំផ្លៀង ធាក់២ទៅ៣ជើង ស្រែកជេរផ្អើលប្រជាពលរដ្ឋដែលនៅក្បែរចេញមកចោមរោមមើលហេតុការណ៍នោះ ភ្លាមៗនោះសមត្ថកិច្ចបានមកដល់កន្លែងកើតហេតុ ហើយបានធ្វើការអន្តរាគមន៍ និងសម្រួលនារីស្រស់ស្អាតជាមួយនិងបុរសជាសង្សារ ដើម្បីកុំឲ្យមានការឈ្លោះប្រកែកគ្នា ប៉ុន្តែនារីរូបស្រស់បែរជាមកស្តីឲ្យសមត្ថកិច្ចវិញយ៉ាងព្រងើយ ហើយពេលក្រុមអ្នកសារព័ត៌មានចុះទៅផ្តិតយករូបភាព នារីរូបស្រស់នោះមកស្តីឲ្យអ្នកសារព័ត៌មានថែមទៀត ដូចជាគ្មានខ្លាចក្រែងអ្វីសោះ សំណាងហើយមិនបង្កគ្រោះថ្នាក់លើអ្នកដំណើរដទៃដែលកំពុងតែធ្វើដំណើរ។
ក្រោយពេលកើតហេតុមួយសន្ទុះក្រោយមក សមត្ថកិច្ចជំនាញបានមកដល់កន្លែងកើតហេតុ និងធ្វើការស្ទួចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំការដោះស្រាយគ្នាជាមួយនិងសម្បត្តិរដ្ឋ៕
មតិយោបល់