ភ្នំពេញៈ កាលពីល្ងាចថ្ងៃទី៩ កក្កដា នៅផ្សារទំនើបអេអន មានការប្រារព្ធពិធី«ពានរង្វាន់ឧត្តមភាពសម្រស់ និងការច្នៃប្រឌិតប្រចាំឆ្នាំ២០១៦»យ៉ាងគគ្រឹកគគ្រេង ដោយមានវត្តមានតារាប្រុសថៃ រាប់បញ្ចូលទាំងបវរកញ្ញា និងម្ចាស់ហាងផលិតផលសម្រស់ល្បីៗជាច្រើនចូលរួម។ ក្រៅពីតាំងបង្ហាញផលិតផលសម្រស់ល្បីៗកម្រិតពិភពលោករបស់ប្រទេសថៃ ពិធីនេះក៏មានការប្រគល់ពានដល់តារាសិល្បៈសិល្បៈ និងពានឆ្នើមៗដល់ម្ចាស់ផលិតផលកែសម្រស់ទាំងនោះ ដែលជាពិធីមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជាផងដែរ។
កញ្ញាថន លក្ខិណា ជាពិធីការិនីដៃគូជាមួយពិធីករជនជាតិថៃនៅក្នុងពិធីនោះបានអះអាងថា ការប្រគល់ពានឧត្តមភាពសម្រស់ និងការច្នៃប្រឌិតប្រចាំឆ្នាំ ដែលភាសាអង់គ្លេសហៅថាព្រឹត្តិការណ៍«Beauty Innovation Excellent Award » គឺជាពិធីប្រារព្ធនៅក្នុងប្រទេសថៃច្រើនឆ្នាំកន្លងមកហើយ។ ដូច្នេះគឺជាកិត្តិយសមួយ ដែលឆ្នាំ២០១៦នេះកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ ដោយសារតែគណកម្មការថៃចង់បង្ហាញអត្ថប្រយោជន៍ផលិតផលកែសម្រស់ល្បីៗរបស់ថៃនៅកម្ពុជាជាលើកដំបូងផង និងដើម្បីលើកទឹកចិត្តឲ្យម្ចាស់គ្រឿងសម្អាងល្បីៗរបស់ថៃ ចាប់អារម្មណ៍បោះទុន និងនាំចូលគ្រឿងសំអាងល្អៗដែលមានការទទួលស្គាល់មកកាន់ទីផ្សារកម្ពុជា។ ពិធីនោះ គេឃើញតារាសិល្បៈមកពីប្រទេសថៃភាគច្រើនជាតំណាងរបស់ផលិតផលថែរក្សាសម្រស់ល្បីៗបង្ហាញខ្លួន ដោយពួកគេម្នាក់ៗសុទ្ធតែបានទទួលពានស្បែកស្អាត សម្រស់ក្មេងជាងវ័យ និងពានលេចធ្លោផ្នែកសម្រស់ដោយឡែកពីគ្នា ខណៈម្ចាស់ផលិតផលក៏ទទួលបានពានឆ្នើមប្រចាំឆ្នាំម្នាក់មួយៗ។
នៅខាងមុខវេទិកា គេឃើញមានការតាំងលក់ផលិតផលថែរក្សាសម្ផស្សម៉ាកល្បីៗមានការពេញនិយមប្រើនៅក្នុងស្រទាប់អ្នកសិល្បៈថៃ និងតារាសិល្បៈខ្មែរជាច្រើនដូចជាផលិតផលថែរក្សាសម្រស់យីហោ Jupp Bust Cream, Hydrolyzen Collagen, Le.Aura, Chida Aura Skin Care, Opapa Sport, MSK Angel Skin, គ្រឿងសំអាងMF និងផលិតផលNS Marin Skin Care ជាដើម។ សម្រាប់តារាខ្មែរវិញ ក៏មានវត្តមានចូលរួមច្រើនដែរដូចជាតារាសម្ដែង លោកឃីម រតនៈ ហៅ Johny Khim លោកសុខ វិបុល តារាសម្ដែងក្មេងៗ និងតារាបង្ហាញម៉ូដវ័យក្មេងជាច្រើន៕
មតិយោបល់