ព័ត៌មានជាតិ

ស្រវឹង​បើករថយន្ត​បត់​ជ្រុល​ទៅ​បុក​របងសាលា​បឋមសិក្សា​ភ្នំពេញ​ថ្មី​រងការ​ខូចខាត​ ម្ចាស់រត់បាត់

ភ្នំពេញ​:​ បុរស​ម្នាក់សង្ស័យ​ស្រវឹង​ធ្លាក់ភ្នែក​ បើក​រថយន្ត​លុចស៊ីស​RX330មួយ​គ្រឿង​បោះពួយ​យ៉ាង​​លឿន​ដូចហោះ​ទៅដល់​ផ្លូវបំបែកជា​ពីរ​ ដោយ​មិនខ្ចី​កាច់ចង្កូត​បត់​ ក៏​សម្រុក​ទៅ​មុខ​ទៅ​និង​របងសាលា​បឋមសិក្សា​ភ្នំពេញ​ថ្មី​ទាំង​កម្រោល​ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលា​ម៉ោង​១១និង៣០នាទី​យប់​ ថ្ងៃ​ទី​១៥​ ខែមិនា​ ឆ្នាំ​២០១៩ ត្រង់ចំណុច​តាមបណ្ដោយ​ផ្លូវ​ហាណូយ​កែងនិងផ្លូវ​២៨គ្រួសារ​ ស្ថិតក្នុងសង្កាត់​ភ្នំពេញថ្មី​ ខណ្ឌ​សែនសុខ​។

តាមប្រភពព័ត៌មាន​ពីកន្លែងកើតហេតុបាន​ឲ្យ​ដឹង​ថា​នៅ​មុន​ពេល​កើត​ហេតុ​គេឃើញ​បុរស​ម្នាក់ស្រវឹង​ជោគជាំ​​បើក​បរ​រថយន្ត​មួយគ្រឿង​ម៉ាក​ លុចស៊ីស​RX330​ ពណ៌​ស្ករ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2AS-5562​។ ដោយ​ធ្វើដំណើរ​តាមបណ្ដោយ​ផ្លូវ​២៧គ្រួសារ​ ក្នុង​ទិស​ដៅ​ពីលិច​ទៅ​កើត​ ក្នុង​ល្បឿន​លឿន​ដូចហោះ​ លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ដែល​ជា​ផ្លូវ​បំបែក​ជា​ពីរ​ ស្រាប់តែ​អ្នកបើកបរ​រថយន្ត​ខាងលើងោក​មួយផាំង​ ក៏​ជ្រុល​ចង្កូត​សម្រុក​ឆ្ពោះទៅមុខ​ត្រង់​ភ្លឹង​ទៅ​បុក​ទម្លុះ​របងថ្មរបស់សាលា​បឋមសិក្សា​ភ្នំពេញ​ថ្មី​ទាំង​កម្រោល​បណ្តោយឲ្យ​បាក់អស់​ពីរ​ផ្ទាំង​ប្រវែង​ប្រមាណ​១០ម៉ែត្រ​ ចំណែក​ឯ​រថយន្ត​បង្ក​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​សាលា​រងការខូចខាត​ក្រពឹត​មួយ​កំណាត់​មុខ​ប៉ុន្តែ​មិនបង្ក​ឲ្យ​មាន​អ្នករងរបួស​នោះទេ​។ ភ្លាមៗ​នោះ​អ្នកបើក​បរ​រថយន្ត​បង្ក​ ក៏​ព្យាយាម​បើក​គេចចេញ​ពី​ក្នុង​សាលា​បឋមសិក្សា​ភ្នំពេញ​ថ្មី​វិញ​ តែ​ដោយ​រកផ្លូវ​ចេញ​មិនរួច​ក៏​ទុក​រថយន្ត​ចោល​នៅ​និង​កន្លែង​កើត​ហេតុ​ ហើយគេចខ្លួនចេញ​ទៅ​បាត់សម្រោល​ទៅ​។

ក្រោយ​ពេលកើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋាន​និងជំនាញ​ក៏​បាន​ចុះ​មក​ដល់​កន្លែង​កើត​ហេតុ​ ហើយក៏បាន​ធ្វើការ​វាស់​វែង​និង​ស្ទូច​យក​រថយន្ត​បង្ក​ខាងលើ​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​សែនសុខ​ដើម្បី​រងចាំ​ម្ចាស់​ចូល​ខ្លួន​មក​ធ្វើការ​ដោះស្រាយ​ទៅ​តាម​ផ្លូវ​ច្បាប់​នៅ​ពេល​ក្រោយ​៕

 

មតិយោបល់