ព័ត៌មានជាតិ

នាយករងសាលាម្នាក់ រំលោភសិស្សខ្លួនឯង នៅផ្ទះសំណាក់ភ្នំមាស

ភ្នំពេញៈ កាលពីវេលាម៉ោង ៥ និង ៤០នាទីល្ងាចថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៨ មានករណីក្មេងស្រីម្នាក់ ត្រូវជនសង្ស័យល្បួង យកទៅរំលោភ នៅផ្ទះសំណាក់ភ្នំមាស តាមផ្លូវជាតិលេខ៣ ស្ថិតនៅភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្មេងស្រីរងគ្រោះឈ្មោះ ញ ស ណ ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្ស មានទីលំនៅរាជធានីភ្នំពេញ ចំណែកជនសង្ស័យ ឈ្មោះ ចិន មករា ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរគ្រូបង្រៀន ជានាយករងសាលាភាសាអង់គ្លេសភាសា​សាស្ត្រ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានឃាត់ខ្លួន នៅថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង ០៩ និង ០០នាទី។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យ បានជិះម៉ូតូឌុបក្មេងស្រីរងគ្រោះ ចូលទៅជួលបន្ទប់ រួចនិយាយលួងលោមក្មេងស្រីរងគ្រោះ ហើយបានធ្វើសកម្មភាព រំលោភសេពសន្ថវៈ បានសម្រេចមួយលើក ហើយនិយាយគំរាមក្មេងស្រីរងគ្រោះថា ទៅវិញកុំនិយាយប្រាប់ក្រុមគ្រួសារ និងអ្នកដទៃឡើយ។

រហូតមកដល់ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ១២ និង ១៥នាទី ជនសង្ស័យបានទូរស័ព្ទហៅក្មេងស្រីរងគ្រោះ ឲ្យ ទៅជួយរៀបចំឥវ៉ា់ន់នៅក្នុងសាលា ពេលក្មេងស្រីរងគ្រោះទៅដល់ ជនសង្ស័យបាននាំចូលក្នុងបន្ទប់ការិយាល័យ រួចធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈ លើក្មេងស្រីរងគ្រោះ បានសម្រេចមួយលើកទៀត ហើយនិយាយគំរាមក្មេងស្រីរងគ្រោះដូចលើកមុន។

លុះដល់ថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង ១៦ និង ៣០នាទី ក្រុមគ្រួសាររបស់ក្មេងស្រីរងគ្រោះ មានការសង្ស័យឃើញ ក្មេងស្រីរងគ្រោះ មានសភាពស្ងៀមស្ងាត់ សំងំតែក្នុងបន្ទប់ ហើយនិយាយថា ចង់តែស្លាប់ ទើបក្រុមគ្រួសារ បាននាំគ្នាសួរនាំ ទើបក្មេងរងគ្រោះប្រាប់រឿងរ៉ាវដល់ឪពុកម្តាយ និងក្រុមគ្រួសារបានដឹង។

ក្រោយមកនៅថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៩ ឈ្មោះ ស៊ុន ចិន្តា ភេទស្រី អាយុ ៤០ឆ្នាំ ត្រូវជាម្តាយបង្កើតរបស់ក្មេងស្រីរងគ្រោះ បាននាំក្មេងស្រីរងគ្រោះ មកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងពង្រ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍។

រហូតដល់ថ្ងៃខែឆ្នាំដដែល វេលាម៉ោង ០៩និង ០០នាទី សមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ បានត្រង់ចំណុចសាលាភាសាសាស្ត្រ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ រួមនិងវត្ថុតាង ម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ និងទូរស័ព្ទដៃម៉ាកណូគា ចុចពិល ពណ៌ក្រហមលាយខ្មៅ យកមកធ្វើការសាកសួរនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងពង្រ ដើម្បីកសាងសំណុំរឿង បញ្ចូនទៅសាលាដំបូង រាជធានីភ្នំពេញ៕

មតិយោបល់