ព័ត៌មានជាតិ

ករណីឃាតកម្ម គ្រាន់រឿងប៉ះដៃម៉ូតូគ្នា ឈានដល់សម្លាប់ ឃាត់ខ្លួនបានម្នាក់

តាកែវៈ កាលពីវេលាម៉ោង ៣រសៀលថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៩ ក្រោមការដឹកនាំបញ្ជា របស់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួល ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកទ្រាំង រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្មោង បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក០៨នាក់ ពាក់ព័ន្ធករណីឃាតកម្ម កាលពីថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង ១០ និង៤០នាទីយប់ នៅលើកំណាត់ផ្លូវជាតិលេខ២ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១០០-១០១ ស្ថិតក្នុងភូមិកំពង់ជ្រៃ ឃុំស្មោង ស្រុកទ្រាំង ។​

ជនសង្ស័យមានឈ្មោះ ម៉ុន មុំ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្មោង ឃុំស្មោង ស្រុកទាំ្រង ខេត្តតាកែវ និងដកហូតបានម៉ូតូ ០២គ្រឿង ព្រមទាំងដែកបំពង់ទីប ០២កំណាត់ ដែលជនសង្ស័យប្រើប្រាស់ ក្នុងពេលធ្វើសកម្មភាព។ ចំណែកឯបក្ខពួកចំនួន ០៧នាក់ទៀត បានរត់គេចខ្លួនបាត់។
ជនរងគ្រោះមានចំនួន ០២នាក់៖ ទី១.ឈ្មោះ ថន សុខថៃ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិចំបក់ ឃុំព្រៃខ្លា ស្រុកកោះអណ្ដែត (ស្លាប់នៅកន្លែងកើតហេតុ) និងទី២.ឈ្មោះ កិល សំណាង ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា (គ្មានរបួស)។

ករណីនេះ កើតទ្បើងដោយសារក្រុមជនសង្ស័យ ខឹងជនរងគ្រោះ ជិះម៉ូតូរកប៉ះក្រុមខ្លួន ទើបជិះម៉ូតូដេញវាយតែម្តង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញ បានកសាងសំណុំរឿង ចាត់ការតាមនីតិវិធី និងបន្តការស្រាវជ្រាវ ដើម្បីកំណត់មុខសញ្ញា ស្វែងរកចាប់បក្ខពួក ដែលរត់គេចខ្លួន៕

មតិយោបល់