ភ្នំពេញៈ កាលពីថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង ០១ និង៣០នាទី សមត្ថកិច្ច ធ្វើការឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធនឹងករណីលួចម៉ូតូ ត្រង់ចំណុចបន្ទប់ជួល លេខ០៧ ផ្លូវលំ ស្ថិតនៅភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ យ៉ែម ស្រីម៉ី ភេទស្រី អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនី ស្នាក់នៅកន្លែងកើតហេតុខាងលើ។ ជនសង្ស័យចំនួន០២នាក់មានឈ្មោះ៖ ទី១.ឈ្មោះ ស៊ុយ ព្រុយ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ១០ ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងទី២.ឈ្មោះ ទុយ វិចិត្រ (ហៅ ឌាំង) ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ១០ ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុនៅថ្ងៃទី ០៩ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង ១៨ និង៣០នាទី ជនរងគ្រោះ បានទុកម៉ូតូ ០១គ្រឿងម៉ូតូ ម៉ាក MSX ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1B-4020 នៅក្រោមជណ្តើរមុខបន្ទប់ជួល ស្ថិតនៅកន្លែងកើតហេតុ ដោយបានចាក់សោ.កត្រឹមត្រូវ រួចចូលដេកក្នុងបន្ទប់ រហូតមកដល់ម៉ោង ០៥ និង ៣០នាទីព្រឹកថ្ងៃទី ១០ ខែមិនា ឆ្នាំ២០១៩ ងើបពីដេកទើបដឹងថា ម៉ូតូត្រូវបានចោរលួចបាត់ រួចជនរងគ្រោះក៏បានមករាយការណ៍ និងដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ ។
លុះដល់ថ្ងៃទី ១៨ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង ១០ និង០០នាទី ជនរងគ្រោះ និងក្រុមគ្រួសារ បានជិះម៉ូតូធ្វើដំណើរតាមផ្លូវធម្មតា ក៏បានឃើញជនសង្ស័យឈ្មោះ ស៊ុយ ព្រុយ ជិះម៉ូតូម៉ាកខាងលើ ម្នាក់ឯង ឃើញដូចនេះឈ្មោះ យាន ភារុណ និង ឈ្មោះ ញឹម ប៊ុន្នី (ត្រូវជាក្រុមគ្រួសាររបស់ជនរងគ្រោះ) បានជិះម៉ូតូដេញពីក្រោយ រហូតដល់ត្រង់ចំណុចក្បែរស្តុបក្តាន់ពីសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទើបឃាត់បានជនសង្ស័យឈ្មោះ ស៊ុយ ព្រុយ រួមនិងវត្ថុតាង។
វត្ថុតាងចាប់បានរួមមាន៖
– ក្រាមពណ៌សថ្លាចំនួន០១កញ្ចប់ថងតូច
– ម៉ូតូម៉ាក MSX ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥
– កាបូបលុយពណ៌សូកូឡាចំនួន០១
បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ ត្រូវបានប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស យកមកធ្វើការសាកសួរតាមនីតិវិធីច្បាប់។
ក្រោយពីធ្វើការសាកសួរជនសង្ស័យ បានឆ្លើយសារភាពអំពីបក្ខពួក ដែលបានធ្វើសកម្មភាពលួចម៉ូតូ ជាមួយគ្នា ហើយសមត្ថកិច្ចចុះស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតបាន ត្រង់ចំណុចភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ វេលាម៉ោង ១៦និង ០០នាទី ថ្ងៃ ខែ ឆ្នាំដដែល យកមកធ្វើការសាកសួរ។
បច្ចុប្បន្នជនរងគ្រោះ បានដាក់ពាក្យបណ្តឹងជនសង្ស័យទាំងពីរនាក់ ដើម្បីឲ្យសមត្ថកិច្ច ចាត់ការតាមផ្លូវច្បាប់តែម្តង៕
មតិយោបល់