ព័ត៌មានជាតិ

ម៉ូតូសិស្សសាលា បុកម៉ូតូបុរសវ័យចំណាស់ របួសធ្ងន់ស្រាល ៣នាក់

ពោធិ៍សាត់: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូបុកនិងម៉ូតូ បណ្ដាលឲ្យមនុស្សប្រុសស្រី៣នាក់ រងរបួសធ្ងន់ស្រាល នៅលើកំណាត់ផ្លូវជាតិលេខ១៥៥ ត្រង់ចំណុចការ៉ាស់សាំងសូគីម៉ិច យីហោស្រីល័ក្ខ ចន្លោះគីឡូម៉ែត្រលេខ៣៦-៣៧ ស្ថិតក្នុងភូមិប៉ែន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ មានសិស្សសាលា ២នាក់ ជិះម៉ូតូម៉ាកហុងដាទ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់1G-8926 ឌុបគ្នា បើកបរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែវ៉ាមួយគ្រឿង ម៉ូតូម៉ាក វេវអាល់ហ្វា ពណ៌ទឹកសមុទ្រ គ្មានស្លាកលេខ ជិះដោយបុរសវ័យចំណាស់ម្នាក់ ធ្វើដំណើរពីលិចទៅកើត បានបត់ឆ្លងផ្លូវ ក៏ត្រូវម៉ូតូម៉ាកហុងដា បុកយ៉ាងពេញទំហឹង បណ្ដាលឲ្យអ្នកបើកបរ រងរបួសធ្ងន់ស្រាលទាំងសងខាង។

ជនរងគ្រោះ៖ ទី១/ ឈ្មោះ ភី ខេមរា ភេទប្រុស អាយុ ១៦ឆ្នាំ ជាអ្នកបើកបររងរបួសធ្ងន់។ ទី២/ ឈ្មោះ ស៊ុ រតនា ភេទស្រី អាយុ ១៧ឆ្នាំ រងរបួសស្រាលជាអ្នករួមដំណើរអ្នកទាំង២រស់នៅភូមិកណ្តាល ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ និងទី៣/ ឈ្មោះ ព្រាប វណ្ណា ភេទប្រុស អាយុ ៥៦ឆ្នាំ រស់នៅភូមិគល់ទទឹង ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ជាអ្នកបើកម៉ូតូម៉ាកវេវ រងរបួសធ្ងន់ អ្នកទាំង៣ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញ។

មូលហេតុ៖ មិនគោរពសិទ្ធិអថិភាព ទើបបណ្តាលឲ្យមានគ្រោះថ្នាក់បែបនេះ។

ក្រោយកើតហេតុ វត្ថុតាង ត្រូវបានសមត្ថកិច្ច យកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿង ចាត់តាមនីតិវិធី៕

មតិយោបល់