ព័ត៌មានជាតិ

បុរសចំណាស់ម្នាក់ បើករថយន្តស៊េរីទំនើបម៉ាក LX 570 ស្លាកលេខ កម្ពុជា SN-56788 បុកថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញៈ នៅវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ មានករណីបុរសម្នាក់ បើករថយន្តស៊េរីទំនើបមួយគ្រឿង គេចម៉ូតូក៏ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ខណៈនោះក៏មានម៉ូតូមួយគ្រឿងទៀត មកបុកគូទរថយន្តពីក្រោយ បណ្ដាលឲ្យរងការខូចខាត និងមនុស្សរងរបួស្រាល ។ ហេតុការណ៍នេះ ស្ថិតតាមបណ្ដោយផ្លូវមុនីរ៉េត ម្ដុំមុខសាលាដំបូងរាជធានីភ្នំពេញ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

រថយន្តស៊េរីទំនើបម៉ាក LX 570 ពណ៌ស ពាក់ស្លាកលេខ កម្ពុជា SN-56788 បើកបរដោយបុរសចំណាស់ម្នាក់។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញបុរសចំណាស់ម្នាក់ បើករថយន្តម៉ាកខាងលើ ធ្វើដំណើរតាមបណ្ដោយផ្លូវមុនីរ៉េត ពីជើងទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ក៏បានបើកគេចម៉ូតូមួយគ្រឿង បណ្ដាលឲ្យជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ រងការខូចខាតតែម្ដង ស្របពេលនោះក៏មានម៉ូតូមួយគ្រឿងម៉ាក សូស៊ូគីលែត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GW-6318 បើកបរដោយបុរសម្នាក់ មកបុកពីក្រោយ បណ្ដាលឲ្យមនុស្សខ្ទាតចូលក្រោមរថយន្ត រងរបួសស្រាល។

ក្រោយពេលកើតហេតុសមត្ថកិច្ច បានចុះមកដល់ទីតាំងឲ្យភាគីខាងរថយន្តសម្របសម្រួលជាមួយម៉ូតូមួយជំហានសិន ដោយខាងរថយន្តព្រមសងសំណងចំនួន ២០០ដុល្លារឲ្យខាងម្ចាស់ម៉ូតូដើម្បីបញ្ចប់រឿង រីឯរថយន្តត្រូវសមត្ថកិច្ចជំនាញក្រុងវាស់វែងស្ទូច យកទៅរក្សាទុករង់ចាំដោះស្រាយតាមនីតិវិធីបន្ត៕

មតិយោបល់