ព័ត៌មានជាតិ

ជើងខ្លាំង! បើករថយន្តបំបុកប៉ារ៉ាស់សមត្ថកិច្ចរត់សឹងមិនទាន់នៅ ក្រុងច្បារមន

កំពង់ស្ពឺៈ ករណីបុរសម្នាក់បើករថយន្ដ បំបុកប៉ារ៉ាស់សមត្ថកិច្ចនគរបាលចរាចរណ៍រត់ចែកជើង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧និង៤០នាទីព្រឹក ថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០១៩ នៅគោលដៅអនុវត្តន៍ត្រួតពិនិត្យច្បាប់ចរាចរណ៍ នៅមុខមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ លើផ្លូវជាតិលេខ០៤ ។

ជនបង្កបើករថយន្ត ១គ្រឿង ម៉ាក Nissan ប្រភេទរថយន្តកែឆ្នៃដឹកដី ពណ៌ស ពាក់ស្លាកលេខ ចង្កូតស្តាំ KPS-0536 សណ្ដោងរ៉ឺម៉ក ដឹកគ្រឿងចក្រ បើកបរដោយឈ្មោះ ម៉ៅ សំរិទ្ធ អាយុ ២៧ឆ្នាំ រស់នៅភូមិរំលោង សង្កាត់កណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ធ្វើដំណើរពីលិចទៅកើត លុះមកដល់ចំណុចគោលដៅត្រួតពិនិត្យចរាចរណ៍ បានបើកបំបុក «សា ជី» ដែលដាក់ជាសញ្ញាសម្គាល់ធ្វើចរាចរណ៍បណ្ដាលឲ្យនគរបាល រត់ចែកជើងសឹងតែមិនទាន់។

ក្រោយកើតហេតុ ជនបង្កព្យាយាមបើករថយន្ដរត់ទៅមុខបន្ដ មិនឈប់នៅកន្លែងកើតហេតុនោះទេ សមត្ថកិច្ចនគរបាលធ្វើអន្ដរាគមន៍ភ្លាមៗ ចាប់ឃាត់រថយន្ដ និងជនបង្កបាននៅចំណុចមុខធនាគារវឌ្ឍនៈ ចំងាយប្រមាណ ០១គីឡូម៉ែត្រ ពីកន្លែងគោលដៅត្រួតពិនិត្យ។

តាមការបញ្ជាក់ ពីមន្រ្ដីនគរបាល ដែលនៅបញ្ជាចរាចរណ៍ត្រួតពិនិត្យការអនុវត្ដន៍ ច្បាប់ចរាចរណ៍ផ្លូវគោក រឿងហេតុដំបូងកម្លាំងនគរបាលដាក់សញ្ញា បញ្ជាឲ្យរថយន្ដចូលអែបខាងស្ដាំដៃដើម្បីត្រួតពិនិត្យឯកសារមួយចំនួន និងពិនិត្យស្ទីកគ័រ បិទលើកញ្ចក់រថយន្ដ និងដាក់វាំងននបិទបាំងពីខាងក្នុង ស្រាប់តែរថយន្ដមិនព្រមបន្ថយល្បឿនតាម ការបញ្ជារបស់មន្រ្ដីនគរបាលចរាចរណ៍ទេ រួចបើកសំដៅមករកនគរបាលតែម្ដង ធ្វើឲ្យមានការភិតភ័យ រត់ចែកជើងគ្នាសឹងតែមិនទាន់ ស្របពេលនោះក៏បើកជាន់សាជីដែលដាក់ជាសញ្ញានៅគោលដៅតែម្ដង បណ្ដាលឲ្យខូចខាតសាជីចំនួន០២។

ករណី នេះសមត្ថកិច្ចនគរបាលចរាចរណ៍បានធ្វើការឃាត់ខ្លួនជនបង្ក និងរថយន្តមករក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីកសាងសំណុំរឿង បញ្ជូនទៅស្ថាប័នអយ្យការចាត់ការតាមនីតិវិធីច្បាប់៕

 

មតិយោបល់