ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចបង្រ្កាប ពាក់ព័ន្ធករណីធ្វើសកម្មភាពលួចម៉ូតូ

តាកែវៈ នៅថ្ងៃចន្ទ ១២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោង បង្ក្រាបករណីអំពើលួច (ម៉ូតូ) មួយករណីកើតឡើងនៅចំណុចភូមិរូង ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ។

ជនសង្ស័យឈ្មោះ ស៊ុន វៃយុ ហៅម៉ក់ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិពោធិ៍ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ បានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងម៉ាកហុងដា scoopy ពណ៌ស ស៊េរីឆ្នាំ២០២១ ពាក់ផ្លាកលេខតាកែវ 1W-0443 មានម្ចាស់កម្មសិទ្ធឈ្មោះ សោម ស្រីស្រស់ ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ ។

ករណីខាងលើនេះ ជនរងគ្រោះធ្វេសប្រហែសទុកម៉ូតូចោលដោយមិនបានដកសោ នៅមុខតូបលក់ដូររបស់ខ្លួន ត្រូវជនសង្ស័យខាងលើ បានលួចដោយបន្សល់ទុកម៉ូតូ០១គ្រឿងម៉ាក សេ១០០ កូរ៉េ ពណ៌ក្រហម គ្មានផ្លាកលេខ នៅកន្លែងកើតហេតុ រួចបើករត់គេចទៅដល់ចំណុចភូមិខ្នាចខាងជើង ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ក៏ត្រូវបានក្មួយជនរងគ្រោះឈ្មោះ ឃុំ សុខាវ ជិះម៉ូតូដេញទាន់ និងបានធាក់ផ្តួល តែជនសង្ស័យក៏បានដណ្តើមយកម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១០០ (ប៉ិច) ពណ៌ខ្មៅ គ្មានផ្លាកលេខ ជារបស់ឈ្មោះ ឃុំ សុខាវ រួចបើករត់គេចខ្លួនបាត់ ។

ក្រោយទទួលបានព័ត៌មានខាងលើ ក្រោមការដឹកនាំបង្អុលបង្ហាញដោយផ្ទាល់ របស់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីសំណាក់ឯកឧត្តម ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពាក់ព័ន្ធ រួមជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានធ្វើការល្បាតពួនស្ទាក់គ្រប់ច្រក និងបន្តស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យខាងលើ នៅចំណុចឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និងបានដកហូតម៉ូតូមួយគ្រឿងម៉ាកសេ១០០ (ប៊ិច) ផងដែរ ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវកម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី ៕

មតិយោបល់