ព័ត៌មានជាតិ

យុវជនម្នាក់ដាច់ជើងម្ខាង បន្ទាប់ពីជួបពីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកព្រៃនប់

ព្រះសីហនុ: ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូបណ្តាលឲ្យបុរសម្នាក់ដាច់ជើង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០និង៥៥នាទីយប់ នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៩៣-១៩៤ ក្នុងភូមិអូរតាប៉ាង ឃុំអូរឧកញ្ញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

រថយន្តបង្ក ធុនធំ០១គ្រឿង ម៉ាក FUSO ពណ៌ត្រួយចេក ពាក់ស្លាកលេខ ចង្កូតស្ដាំ KPS-0119 (ជាកម្មសិទ្ធរបស់ក្រុមហ៊ុន SK) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ លុះដល់ចំណុចខាងលើបានបុកនិងម៉ូតូ ០១គ្រឿង ម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កោះកុង1B-7188 បើកបរដោយឈ្មោះ សាន់ វ៉ានចាន់ ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិថ្មស ឃុំថ្មស ស្រុកបទុមសាគរ ខេត្តកោះកុង មានទិសដៅផ្ទុយគ្នា។

ហេតុការណ៍នេះបណ្តាលឲ្យជនរងគ្រោះ ជាអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ដាច់កំភួនជើងឆ្វេងចេញពីភ្លៅ ត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកខេត្ត ចំណែកអ្នកបើកបររថយន្តរត់គេចបាត់ស្រមោលក្រោយពេលកើតហេតុ
រីឯវត្ថុតាងត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ រង់ចាំការដោះស្រាយពេលក្រោយ៕

 

មតិយោបល់