ព័ត៌មានជាតិ

ម៉ូតូ ចាប់ហ្វ្រាំងមិនស៊ី បុករថយន្តច្នៃ ស្លាប់ និងរបួសក្មេងប្រុស ២នាក់

ត្បូងឃ្មុំ: នៅវេលាម៉ោង ០៦និង០០នាទីថ្ងៃទី ០២ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងរថយន្តកែច្នៃ នៅលើផ្លូវលំក្រាលក្រួសក្រហម ត្រង់ចំណុចផ្លូវបំបែកជាបួន ស្ថិតនៅក្នុងភូមិបុរីតេជោសែន ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ម៉ូតូបង្កម៉ាក Honda C100 ស៊េរីចាស់ ពណ៌ព្រីងទុំ គ្មានស្លាកលេខ អ្នកបើកបរមានឈ្មោះ សឿន ប៉ុនថេង ភេទប្រុស អាយុ ១៣ឆ្នាំ ជនជាតិខ្មែរ (មិនពាក់មួកសុវត្ថិភាព) រស់នៅភូមិឃុំកើតហេតុ ស្លាប់ភ្លាមនៅកន្លែងកើតហេតុ រួមដំណើរជាមួយឈ្មោះ ជា សុជាតិវិទ្យា ភេទប្រុស អាយុ ១១ឆ្នាំ ជនជាតិខ្មែរ (មិនពាក់មួកសុវត្ថិភាព) រស់នៅភូមិឃុំជាមួយគ្នារងរបួសស្រាល។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញក្មេងទាំង ០២នាក់ ធ្វើដំណើរពីកើតទៅលិច ក្នុងល្បឿនលឿន មកដល់ចំណុចខាងលើ បានជ្រុលទៅបុករថយន្តកែច្នៃ ចំកង់មុខផ្នែកខាងឆ្វេងពេញទំហឹងតែម្ដង។

ក្រោយកើតហេតុ សមត្ថកិច្ចចុះធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីបំពេញសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ចំណែក ជនរងគ្រោះ ត្រូវសាច់ញាតិបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុក រីឯ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់