ព័ត៌មានជាតិ

មិនគួរសោះ ពិការហើយ នៅប្រព្រឹត្តរឿងចឹងទៀត!

បន្ទាយមានជ័យ: កាលពីវេលាម៉ោង ២រសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ នៅចំណុចភ្នំ១០០ ស្ថិតនៅភូមិសាមគី្គមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដឹកនាំដោយលោកវរសេនីយ៍ទោ អ៊ុ សាខន នាយរងសេនាធិការ ប្រចាំការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិការបង្រ្កាបករណីហិង្សា និងចរាចរណ៍រូបិយប័ណ្ណក្លែងក្លាយ ដោយឃាបានខ្លួនជនសង្ស័យម្នាក់។

ការឃាត់ខ្លួននេះ គឺយោងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ សុខ ភារម្យ ភេទ ប្រុស អាយុ ៥០ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទៅលំនៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានបំភ្លឺឲ្យដឹងថា ៖ ជនសង្ស័យមានឈ្មោះ ជា សុភ័ក្រ្ត ភេទ ប្រុស អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ បានហៅខ្លួនឲ្យឌុបពីកន្លែងមួយទៅកន្លែងមួយ ពេលទៅដល់ចំណុចត្រូវឈប់ ក៏បានឲ្យប្រាក់មកខ្លួន តែប្រាក់នោះជាប្រាក់ក្លែងក្លាយ ពេលនោះ ក៏មានឈ្លោះប្រកែកគ្នា ហើយជនសង្ស័យបានគំរាម និងយកដែកឆាបបម្រុងចាក់មកលើខ្លួនទៀតផង ដោយមានការភ័យខ្លាច ក៏ស្រែកឆោឡោរហៅសមត្ថកិច្ច មកឃាត់ខ្លួនជនសង្ស័យតែម្តង ។

ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់ របស់ជនរងគ្រោះប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូន ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី។

សូមបញ្ជាក់៖ ជនសង្ស័យធ្លាប់ជាប់ពន្ធនាគាររយ:ពេល ០២ឆ្នាំមកហើយ ទើបតែចេញពីពន្ធនាគារ កាលខែកុម្ភ: ឆ្នាំ២០១៩ ដោយថ្មីៗនេះ ជនសង្ស័យបានប្រើប្រាស់គ្រឿងញៀន រហូតបែកគំនិត ប្រព្រឹត្តរឿងផ្តេសផ្តាស៕

មតិយោបល់