ព័ត៌មានជាតិ

ខ្លាំងប៉ះខ្លាំង! អ្នកបើករថយន្តក្រុមហ៊ុនយូនីលីវើ វាយគ្នាជាមួយមន្ត្រីយោធា ម្នាក់ចូលពេទ្យ ម្នាក់ចូលប៉ុស្តិ៍

កណ្ដាល: ករណីហិង្សាដោយចេតនា នៅចំណុចហាងមីនីបា ស្ថិតក្នុងភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីវេលាម៉ោង ៩ និង ៤៥នាទីយប់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩។

ជនរងគ្រោះឈ្មោះ រិន រដ្ឋា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល មុខរបរបើកបររថយន្តក្រុមហ៊ុនយូនីលីវើ (រងរបួសផ្ទៃមុខ និងប្រអប់ដៃខាងឆ្វេង) ។ ជនល្មើស ០៣នាក់៖១-ឈ្មោះ ហុង នូ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរទីលំនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ យោធា(ឃាត់ខ្លួន) ។ ២-មិនស្គាល់អត្តសញ្ញាណ (គេចខ្លួន) និងទី៣-មិនស្គាល់អត្តសញ្ញាណ (គេចខ្លួន)។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ និង ប្រពន្ធ រួមជាមួយមិត្តភក្ដិ ៣នាក់ទៀត បានផឹកស៊ីនៅជិតតុជនល្មើស ដែលមានគ្នាជាង១០នាក់ ។ លុះដល់វេលាកើតហេតុ ភាគីខាងជនរងគ្រោះ បានដើរទៅជល់កែវជាមួយភាគីខាងជនល្មើស ពេលនោះជនល្មើសឈ្មោះ ហុង នូ បាននិយាយថា «ជល់ជាមួយពួកវាធ្វើអី» ដោយមើលមុខជនរងគ្រោះ ហើយបបួលជនរងគ្រោះ វាយគ្នាមួយស្មើ រួចក៏បានដើរទៅវាយជនរងគ្រោះ មួយដៃចំមុខ ហើយក៏មានប្រវាយប្រតប់គ្នាទៅវិញទៅមក។

ភ្លាមនោះបក្ខពួកជនល្មើស បានយកកែវគប់ បណ្តាលឲ្យត្រូវចំដៃ និងផ្ទៃមុខជនរងគ្រោះ រយះហូរឈាម រងរបួសយ៉ាងដំណំ។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានគេបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកជ័យជម្នះ រីឯជនល្មើស សមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ ឈ្មោះ ហុង នូ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់