ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា រសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ នាយកដ្ឋានជំនាញ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន សហការជាមួយ ក្រុមហ៊ុន(អ៊ែតអេប៉ិចឌែនស៊ីង អ៊ែន អ៊ិនធរ័ធែនមែន) @Epicdancing & Entertainment មានរៀបចំពិធីផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនដល់បុគ្គលិកក្រោមវត្តមានលោកលឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា និងលោកប៉ាវ វ៉ានីរ៉ុង តំណាងក្រុមហ៊ុនអ៊ែតអេប៉ិចឌែនស៊ីង អ៊ែន អ៊ិនធរ័ធែនមែន នៅក្លឹបកំសាន្តអេប៉ិច១(Epic១)។
លោកប៉ាវ វ៉ានីរ៉ុង តំណាងក្រុមហ៊ុនអ៊ែតអេប៉ិចឌែនស៊ីង អ៊ែន អ៊ិនធរ័ធែនមែន បានមានប្រសាសន៍ស្វាគមន៍ និងប្រាប់ពីគោលបំណងនៃការជួបជុំនាថ្ងៃនេះ គឺដើម្បីចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាលលើកទី៤ ដែលក្រុមហ៊ុនបានសហការអនុវត្ត នាពេលកន្លង និងដើម្បីបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន។
ក្នុងឱកាសនោះ ថ្លែងក្នុងនាមនាយឧត្តមសេនីយ៍មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក លឹម តុងហួត បានមានប្រសាសន៍កោតសសើរ ដល់ម្ចាស់ក្រុមហ៊ុន ដែលបានសហការរៀបចំឲ្យមានកម្មវិធីផ្សព្វផ្សាយ បង្កើនចំណេះដឹងពាក់ពន្ធ័នឹងបញ្ហាគ្រឿងញៀន ដល់បុគ្គលិកទាំងអស់ ដើម្បីពួកគាត់ បានយល់ដឹងកាន់តែច្បាស់ និងចូលរួមកាន់តែសកម្ម ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ក្នុងឱកាសនោះដែរ លោក លឹម តុងហួត បានថ្លែងបន្តថាប្អូនៗ ជាយុវជនដាច់ខាតត្រូវតែចៀសឲ្យឆ្ងាយ កុំពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ហើយប្អូនៗជាមុខសញ្ញាងាយរងគ្រោះទៅនឹងបញ្ហាគ្រឿងញៀនដូចនេះប្អូនៗត្រូវតែខិតខំស្វែងយល់ ព័ត៌មានពាក់ព័ន្ធនឹងចំណេះដឹងដើម្បីអាចបង្ការខ្លួនបានពីបញ្ហាគ្រឿងញៀន? ៕









មតិយោបល់