កំពត-កែបៈ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ មន្រ្តីសាខាកាំកុងត្រូលខេត្តកំពត-កែប ដោយមានការសហការពី មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ដែលមានដាក់តាំងលក់នៅផ្សារសាមគ្គី ខេត្តកំពត។
ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើតេស្តបឋមទៅលើផលិតផលម្ហូបអាហារមួយចំនួន ដូចជា៖
– បបែលក្រៀម (មូល វែង)
– សរសៃគុយទាវ
– បន្លែ
– បង្គាក្រៀម បង្គាស្រស់ មឹកស្រស់ និងមឹកក្រៀម
ដើម្បីរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ជាមួយគ្នានោះ មន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោម នៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។
ជាលទ្ធផលមន្ត្រីជំនាញ រកឃើញភាពមិនប្រក្រតីនៅលើគំរូ ងៀតបបែលក្រៀម មានផ្ទុកសារធាតុគីមីហាមឃាត់ បូរ៉ាក់ (Borax) ចំនួន ៩.៦ គីឡូក្រាម។
បន្ទាប់មក មន្ត្រីកាំកុងត្រូលបានធ្វើកំណត់ហេតុដកហូត ទាំងនោះយកទៅកម្ទេចចោល នៅពេលក្រោយតាមនីតិវិធី។ ទន្ទឹមនឹងនោះ មន្ត្រីជំនាញក៏បានធ្វើការណែនាំ ដល់អាជីវករផ្សេងទៀត ឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕
មតិយោបល់