ព័ត៌មានជាតិ

លុចស៊ីស ប៉ះគ្នាជាមួយហាយទ្បែនឌ័រ ថែមទាំងអួតថាជាមន្ត្រីសាលាក្រុង

ភ្នំពេញ: បុរសម្នាក់ស្រវឹងជោកជាំ បានបើករថយន្តមួយគ្រឿង ជ្រុលចង្កូតទៅបុកគូទរថយន្តហាយឡែនឌ័រ បណ្ដាលឲ្យរងការខូចខាត កាលពីវេលាម៉ោង១០ និង៥០នាទីយប់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុចខាងលើស្ពានអាកាសផ្សារដីហុយ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ បុរសពីរនាក់ បើកបររថយន្តមួយគ្រឿង ម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AV-7029 ធ្វើដំណើរពីលិចទៅកើត តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី បើកទ្បើងលើស្ពានអាកាសផ្សារដីហុយ។

មកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាកលុចស៊ីស RX330 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AR-9299 បើកបរដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹងស្រា មកពីក្រោយទិសដៅស្របទិសគ្នា ហើយព្យាយាមបើកវ៉ាជែងខាងឆ្វេងរថយន្តខាងលើ ដោយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលចង្កូតទៅបុកគូទរថយន្តហាយឡែនឌ័រ ចំហៀងខាងឆ្វេងរងការខាតបន្តិចបន្តួច។ ចំណែករថយន្តបង្ក បានខូចខាតក្រពឹតកាងផ្នែកខាងមុខ ចំហៀងខាងស្តាំ ប៉ុន្តែមិនបង្កឲ្យមាននរណាម្នាក់រងរបួសនោះទេ។

ភ្លាមៗផងដែរ សមត្ថកិច្ច ជំនាញបានចុះទៅអន្តរាគមន៍ដល់កន្លែងកើតហេតុ តែបែរជាអ្នកបើករថយន្តបង្ក ដែលកំពុងស្ថិតក្នុងស្ថានភាពស្រវឹងធ្លាក់ភ្នែក មិនព្រមទទួលកំហុសនោះទេ ថែមទាំងនិយាយថា គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីភាគីរថយន្តហាយទ្បែនឌ័រ ចុចស៊ីផ្លេរ និងបើកវ៉ាជែងនៅលើស្ពាន ហើយចោទប្រកាន់សមត្ថកិច្ចមូលដ្ឋាន និងជំនាញថា លើកទ័ពនាំគ្នាមកបម្រុងកៀបស៊ីរូបគេទៅវិញ។

ដោយសារភាគីទាំងពីរ មិនអាចសម្របសម្រួលគ្នា បញ្ចប់រឿងបាន ទើបសមត្ថកិច្ចជំនាញ បានធ្វើការវាស់វែង យករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរង់ចាំធ្វើដោះស្រាយគ្នាពេលក្រោយ។

សូមបញ្ជាក់៖ ម្ចាស់រថយន្តលុចស៊ីស បានអួតអាងប្រាប់សមត្ថកិច្ចថា រូបគេជាមន្ត្រីសាលាក្រុងថែមទៀតផង៕

មតិយោបល់