ព័ត៌មានជាតិ

បែកគំនិតលួចម៉ូតូ ត្រូវម្ចាស់ឃើញ ចាប់ប្រគល់ខ្លួនឲ្យសមត្ថកិច្ច

កណ្ដាល: នគរបាលស្រុកកោះធំ ធ្វើការចាប់ខ្លួនបុរសជាមុខសញ្ញាលួចម៉ូតូម្នាក់ កាលពីវេលាម៉ោង ៥និង០០នាទីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ ដែលហេតុការណ៍តាំងពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ៥ព្រឹក បន្ទាប់ពីជនសង្ស័យ ឃើញម៉ូតូគេផ្ញើទុកនៅជាមួយតាៗ ក៏បែកគំនិតធ្វើសកម្មភាព លួចជិះយកទៅបាត់ ត្រង់ចំណុចវត្តពាមឃ្លាំង ស្ថិតក្នុងភូមិព្រែកខ្នាច ឃុំលើកដែក ស្រុកកោះធំ។

ជនសង្ស័យឈ្មោះ លី សារ៉ាក់ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឃ្លាំងកើត ឃុំលើកដែក ស្រុកកោះធំ ។ ចំណែកជនរងគ្រោះឈ្មោះ ស្មោញ វ៉ាន់ ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រែកខ្នាច ឃុំលើកដែក ស្រុកកោះធំ ។

សម្ភារ:បាត់បង់មាន៖ មូតូម៉ាក ហុងដាឌ្រីម សេ១២៥ មួយគ្រឿង ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០២ គ្មានស្លាកលេខ ។

សមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ១៧ ជនរងគ្រោះជាម្ចាស់ បានយកម៉ូតូរបស់ខ្លួន ទៅផ្ញើជាមួយតាៗនៅវត្តពាមឃ្លាំង ដោយមិនបានចាក់សោ.កនោះទេ រួចជនរងគ្រោះ បានជិះទូកទៅផ្ទះ ។
លុះមកដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ ជនរងគ្រោះបានត្រឡប់មកពីផ្ទះវិញ មកយកម៉ូតូនៅកន្លែងផ្ញើ ស្រាប់តែមិនឃើញម៉ូតូរបស់ខ្លួន ភ្លាមនោះតាៗ អ្នកទទួលម៉ូតូផ្ញើ ប្រាប់ថា៖ ម៉ូតូនោះឈ្មោះ លី សារ៉ាក់ បានយកម៉ូតូ ជិះចេញទៅបាត់តាំងពីម៉ោង៥ព្រឹកម្លេះ ហើយបានឃាត់មិនឲ្យយកដែរ តែជនសង្ស័យមិនស្តាប់ ។
ក្រោយជនរងគ្រោះទទួលព័ត៌មានថា មានជនសង្ស័យយកម៉ូតូទៅបាត់ រំពេចនោះ ក៏បាននាំគ្នាដើររក តែរកជនសង្ស័យមិនឃើញនោះទេ ។ រហូតមកដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ១៧ និង០០នាទី ទើបរកឃើញជនសង្ស័យ រួចក៏បានសួរនាំ ហើយជនសង្ស័យបានឆ្លើយថា ម៉ូតូនោះ ខ្លួនយកលាក់ទុកក្នុងព្រៃភូមិសាស្រ្ត ឃុំពាមរាំង ស្រុកលើកដែក ហើយក៏នាំជនសង្ស័យ ទៅរកក្នុងព្រៃនោះ តែមិនឃើញម៉ូតូនោះទេ ។

ក្រោយពីរកម៉ូតូខ្លួនមិនឃើញ ជនរងគ្រោះ បាននាំជនសង្ស័យ និងមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលលើកដែក ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបាននគរបាល បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿង ចាត់ការបន្ដតាមនីតិវិធីច្បាប់ ៕

មតិយោបល់