ព្រះសីហនុៈ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១០និង០៦នាទី ស្ថិតនៅអគារចិន ក្នុងក្រុមទី៤ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ មានករណីលួចម៉ូតូកើតឡើង បង្កដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ ចូលបរិវេណអគារ លួចយកម៉ូតូចំនួន២គ្រឿង (ម៉ូតូម៉ាក AIR BLADE ពណ៌ក្រហម+ខ្មៅ គ្មានផ្លាកលេខ ១គ្រឿង និងម៉ាក ម៉ាក VISION ពណ៌ស្ករ គ្មានផ្លាកលខេ ១គ្រឿង) ។
ក្រោយពីបានទទួលបណ្តឹងពីជនរងគ្រោះ ឈ្មោះ ឆេន ឆាត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរបុគ្គលិកសន្តិសុខឯកជន បច្ចុប្បន្នស្នាក់ នៅកន្លែងកើតហេតុខាងលើ ត្រូវកម្លាំងជំនាញបានធ្វើការស្រាវជ្រាវ និងពិនិត្យតាមម៉ាស៊ីនចាប់រូបភាព អាចកំណត់បាន អត្តសញ្ញាណជនសង្ស័យ ។
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១និង០០នាទី ទើបកម្លាំងជំនាញបានឃាត់ខ្លួនមុខសញ្ញាសង្ស័យ យកទៅកាន់អធិការដ្ឋាន នគរបាលក្រុងព្រះសីហនុ ធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចយកម៉ូតូខាងលើ កាលពីយប់មិញ ពិតប្រាកដមែន ហើយម៉ូតូដែលលួចបានយកទៅដាក់ បញ្ចាំឲ្យគេនៅម្តុំឧតុនិយមក្រុមទី២៦ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ។
ក្រោយពីបានសុំគោលការណ៍ពីថ្នាក់ដឹកនាំ កម្លាំងជំនាញបន្តតាមនីតិវិធី ចុះទៅធ្វើការឆែកឆេរនៅក្នុងហាងទទួលបញ្ចាំ ក៏ឃើញម៉ូតូដូចខាងលើ នៅក្នុងហាង ដែលមានម្ចាស់ឈ្មោះ សោម សំណាង ភេទស្រី អាយុ២៨ឆ្នាំ និងបន្តធ្វើការត្រួតពិនិត្យ រកឃើញម៉ូតូចំនួន១៩គ្រឿងទៀត ដែលម្ចាស់ហាងទទួលបញ្ចាំដោយគ្មានលិខិតបញ្ចាក់ ពីអត្តសញ្ញាណម៉ូតូត្រឹមត្រូវ ក៏បានធ្វើការដកហូត យកមកកាន់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ជាបណ្តោះអាសន្ន រួមមាន៖
វត្ថុតាងដកហូត៖-ម៉ាកAiR BLADE ចំនួន៣គ្រឿង -ម៉ាកHONDA.C125 ចំនួន៣គ្រឿង-ម៉ាកWAVE ចំនួន៣គ្រឿង-ម៉ាកNEX ១គ្រឿង -ម៉ាកSCOPYចំនួន៣គ្រឿង-ម៉ាកZOOMER ចំនួន២គ្រឿង-ម៉ាកViSiON ចំនួន២គ្រឿង-ម៉ាកLAP ១គ្រឿង-ម៉ាកLEAD ១គ្រឿង-ម៉ាកSiRiUS ១គ្រឿង-ម៉ាកEXCTER ១គ្រឿង-ម៉ាកSMASH.V១គ្រឿង និងម៉ាស៊ីនកែឆ្នៃធ្វើសោរម៉ូតូ១គ្រឿង ។
ចំណែកជនសង្ស័យ៖១-ឈ្មោះ អោង ណាង ភេទប្រុស អាយុ៣៩ឆ្នាំ (ជនដៃដល់) ។ ២-ឈ្មោះ សោម សំណាង ភេទស្រី អាយុ២៨ឆ្នាំ (ទទួលបញ្ចាំផលនៃអំពើលួច) ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញកំពុងបន្តតាមនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕
មតិយោបល់