ព័ត៌មានជាតិ

នាយករង​សាលា​បឋម​សិក្សា​រំ​ពាក់​ម្នាក់​ ​ចង​.​ក​ធ្វើ​អត្តឃាត ​ដោយ​ពុំ​ដឹង​មូលហេតុ

បន្ទាយ​មាន​ជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នាយករង​សាលា​បឋម​សិក្សា​រំ​ពាក់​ ស្ថិត​ក្នុងភូមិ​រំ​បាក់​ ឃុំ​ឈ្នួ​រ​មាន​ជ័យ​ ស្រុក​ព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ​ បាន​ចង​.​ក​ ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​ នៅ​នឹង​មែក​ដើម​ស្នាយ​មានកម្ពស់ ​២,៥០​ម៉ែត្រ​។​ ហេតុការណ៍​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៤​និង​៥០​នាទី​ ល្ងាច​ថ្ងៃ​ទី​១៩​ ខែមេសា​ ឆ្នាំ​២០១៩​ នៅ​ចំណុច​ខាងលិច​សាលា​បឋម​សិក្សា​រំ​បាក់​ ចម្ងាយ​១៥០​ម៉ែត្រ​ ។​

​តាម​ការ​ឲ្យ​ដឹង​ពី​អធិការ​នគរបាល​ស្រុក​ព្រះនេត្រព្រះ​ គឺ​លោក​វរសេនីយ៍ឯក​ មាស​ ប្ញ​ទ្ធី​ បាន​ឲ្យ​ដឹង​ថា​ បុរស​ដែល​ចង​.​ក​ ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​ ឈ្មោះ​ កាន់​ ភី​ឡា​ ភេទ​ប្រុស​ អាយុ​៥៣​ឆ្នាំ​ នៅ​ភូមិ​រំ​ពាក់​ ឃុំ​ឈ្នួ​រ​មាន​ជ័យ​ ស្រុក​ព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ​ មាន​តួនាទី​ជា​នាយករង​ នៃ​សាលា​បឋម​សិក្សា​រំ​ពាក់​ ។​

លោក​អធិការ​ក៏​បាន​បញ្ជាក់​ថា​ យោង​តាម​របាយការណ៍​របស់​លោក​មេ​ភូមិ​រំ​បាក់​ បាន​ឲ្យ​ដឹង​ថា​ នៅ​យប់​ថ្ងៃ​ទី​១៨-០៤-២០១៩​ ឈ្មោះ​កាន់​ ភី​ឡា​ បាន​ធ្វើបុណ្យ​ឆ្លង​ចេ​តី​យ៍​ឪពុកក្មេក​ នៅ​ក្នុង​កម្មវិធី​បុណ្យ​នេះ ​គាត់​បាន​បម្រើភ្ញៀវ​ជា​ធម្មតា​ និង​មានការ​ហូប​ស្រា​បន្តិចបន្តួច​ រួម​ទាំង​មានការ​រាំ​លេង​កំសាន្ត​សប្បាយ​ ជាមួយ​បងប្អូន​ជិតខាង​ផង​ដែរ​ ហើយ​រយៈ​កន្លង​មក​ជា​រៀងរាល់ថ្ងៃ​ ឈ្មោះ​ ភី​ឡា​ នេះ​គឺ​តែងតែ​ផឹកស្រា​ស្រវឹង​ជា​ប្រចាំ​ផង​ដែរ​។​

​បើ​តាម​ការ​បំភ្លឺ​ ពី​ឈ្មោះ​ យាវ​ កាន​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ នៅ​ភូមិ​រំ​ពាក់​ ជាមួយ​គ្នា​ បាន​ប្រាប់​សមត្ថកិច្ច​ថា​ នៅ​វេលា​ម៉ោង​៤​និង​៥០​នាទី​ល្ងាច​ថ្ងៃ​ទី​១៩​ ខែមេសា​ ខ្លួន​បាន​ដើរ​កាត់​ត្រង់​ចំណុច​ព្រំ​របង​ថ្នាល​ស្រែ​របស់​ឈ្មោះ​កាន់​ ភី​ឡា​ (​បុរស​ចង​.​ក​)​ នៅ​ខាងលិច​សាលា​បឋម​សិក្សា​រំ​ពាក់​ចម្ងាយ​១៥០​ម៉ែត្រ​ ដើម្បី​ទៅ​មើល​គោ​និង​អង្គប់​ដាក់​កណ្តុរ​ពី​ថ្ងៃមុន​ផង​នោះ​ ក៏​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ឈ្មោះ​កាន់​ ភី​ឡា​ ចង​.​ក​នៅ​នឹង​មែក​ដើម​ស្នាយ​។​

​លោក​វរសេនីយ៍ឯក​ មាស​ ប្ញ​ទ្ធី​ អធិការ​នគរបាល​ស្រុក​ ព្រះនេត្រព្រះ​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ លោក​បាន​ចាត់​កម្លាំង​ជំនាញ​បច្ចេកទេស​វិទ្យាសាស្ត្រ​អធិការដ្ឋាន​នគរបាល​ស្រុក​ និង​ប៉ុស្តិ៍​រដ្ឋ​ ចុះ​ទៅ​ពិនិត្យ​សាកសព​ ដោយ​សហការ​ជាមួយ​អាជ្ញាធរ​ភូមិ​ឃុំ​ រួម​ទាំង​សាច់ញាតិ​និង​ គ្រូពេទ្យ​មណ្ឌល​សុខភាព​ឃុំ​ឃើញ​ថា​ នៅ​លើ​ខ្លួន​សព​ឈ្មោះ​កាន់​ ភី​ឡា​ គឺ​ពុំ​មាន​ស្នាក​ស្នាម​អ្វី​ទាក់ទិន​នឹង​ករណី​មនុស្សឃាត​នោះ​ទេ​ គឺ​ពិតជា​ស្លាប់​ដោយ​ចង​.​ក​ ប្រាកដ​មែន​ ដោយ​បុរស​រូប​នេះ​ បាន​យក​ខ្សែលួស​ប្រវែង​១​ម៉ែត្រ​ ទំហំ​២​លី​ ចង​.​ក​និង​មែក​ដើម​ស្នាយ​ តែ​មូលហេតុ​បណ្តាល​ឲ្យ​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​ នៅ​មិន​ទាន់​ដឹង​នៅឡើយ​។​

​ក្រោយ​ពី​ធ្វើ​កោសល្យ​វិ​ច័យ​រួច​ សព​ត្រូវ​បាន​ប្រគល់​ឲ្យ​ប្រពន្ធ​ និង​សាច់ញាតិ​ចាត់ចែង​ធ្វើ​ បុណ្យ​តាម​ប្រពៃណី​ ៕

មតិយោបល់