ព័ត៌មានជាតិ

មន្រ្តីជំនាញត្រូវតែមានសមត្ថភាព និងការទទួលខុសត្រូវខ្ពស់លើការងារ

ភ្នំពេញៈ ឆ្លើយតប និងសេចក្តីត្រូវការរបស់ប្រជាកសិករក៏ដូចជាការបំពេញភារកិច្ចសវនកម្មឲ្យមានប្រសិទ្ធភាពខ្ពស់ រដ្ឋមន្រ្តីក្រសួងកសិកម្មស្នើឲ្យមន្រ្តីជំនាញទាំងអស់បង្កើនសមត្ថភាពបន្ថែម ការទទួលខុសត្រូវ មានស្មោះត្រង់មិនលម្អៀង ប្រុងប្រយ័ត្នខ្ពស់ក្នុងភារកិច្ច ដែលថ្នាក់ដឹកនាំក្រសួង ដាក់ចុះស្របតាមច្បាប់ និងលក្ខន្តិកការងារ គោរពតម្លៃនៃកម្មសិទ្ធព័ត៌មាន ដោយធ្វើការមិនដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខប្រម៉ាញ់ និងនេសាទ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីតួនាទី និងភារកិច្ចនាយកដ្ឋានសវនកម្មផ្ទៃក្នុងនិងនិតិវិធីអនុវត្តន៍ថវិកាកម្មវិធី ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង អង្គភាពជំនាញថ្នាក់កណ្តាល និងមន្ទីរកសិកម្មរាជធានី-ខេត្ត ផងដែរ។

លោក វេង សាខុន បញ្ជាក់ថា តម្រូវការនៃការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ ការអនុវត្តយុទ្ធសាស្រ្តថវិកា២០១៦-២០១៨ ឲ្យមានលក្ខណៈរឹងមាំស្របតាមប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុអន្តរជាតិ ដែលចាំបាច់ត្រូវពង្រឹងតួនាទី និងភារកិច្ចនៃសវនកម្មផ្ទៃក្នុង ដើម្បីលើកស្ទួយសនិទានកម្មក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រ គោលនយោបាយសម្រាប់បណ្តាអង្គភាពអ្នកអនុវត្តផ្ទាល់។

លោករដ្ឋមន្រ្តីបន្ថែថា “ទន្ទឹមនឹងការបន្តបង្កើតសមត្ថភាព និងភាពជាម្ចាស់ ជាមួយនឹងបុរេសកម្មរបស់ក្រសួងក្នុងការធ្វើកំណែទម្រង់ ការគ្រប់គ្រង និងការប្រើប្រាស់ថវិកា ស្របតាមកំណែទម្រង់របស់រាជរដ្ឋាភិបាល ក្រសួងបានសម្រេចបង្កើតនូវនាយកដ្ឋាន សវនកម្មផ្ទៃក្នុងនៃក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅឆ្នាំ២០០៥ ដែលកំពុងបំពេញភារកិច្ចសវនកម្ម ជាមួយនឹងការពង្រឹងសមត្ថភាពចាំបាច់ជាបន្តបន្ទាប់”

លោករដ្ឋមន្ត្រីបានផ្តល់នូវអនុសាសន៍មួយចំនួនដល់មន្រ្តីក្រោមឱវាទ អង្គភាពជំនាញ ត្រូវពង្រឹងគោលនយោបាយគ្រប់គ្រងផ្ទៃក្នុង និងផ្តល់ការគាំទ្រដល់នាយកដ្ឋានសវនកម្មផ្ទៃក្នុង ហើយ និងប្រើប្រាស់លទ្ធផលអង្កេតឃើញរបស់សវនករ ដើម្បីមានវិធានការកែលម្អ បង្កើនប្រសិទ្ធភាពការងាររបស់អង្គភាព បង្កើតផែនការ និងកិច្ចប្រតិបត្តិការក្នុងប្រព័ន្ធកុំព្យូទ័រ ជាមួយនឹងការកត់ត្រាត្រឹមត្រូវនិងពេញលេញនូវប្រតិបត្តិការក្នុងកុំព្យូទ័រ។

នាយកដ្ឋានសវនកម្មផ្ទៃក្នុងត្រូវធ្វើរបាយការណ៍សវនកម្មផ្ទៃក្នុងជូនរដ្ឋមន្ត្រី្ដ ដោយសង្កត់ធ្ងន់លើហានិភ័យ ប្រតិបត្តិការ សន្សំសំចៃ និងមានភារកិច្ចសម្របសម្រួលជាមួយអាជ្ញាធរសវនកម្មជាតិ ដោយពិនិត្យឡើងវិញនូវមុខងារភារកិច្ចក្នុងប្រតិបត្តិការរបស់គ្រប់អង្គភាពក្នុងការិយបរិច្ឆេទសមស្របដោយពិនិត្យឡើងវិញនីតិវិធី និងការអនុវត្តជៀសវាងបាននូវការកេងបន្លំ ក៏ដូចជាវិធានការចំពោះការកេងបន្លំ ទាន់ពេលវេលា៕

មតិយោបល់