ពោធិ៍សាត់ៈ កាលពីវេលាម៉ោង ០៩និង១០នាទីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូវ៉ាជែង ទៅបុករថយន្ត១គ្រឿងទៀត ចំពីមុខពេញទំហឹង បណ្តាលឲ្យរបួសធ្ងន់ នៅចំណុចខាងជើងស្ពានប្រឡាយ១៧មេសា ស្ថិតក្នុងភូមិអន្លង់ក្រាយ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។
សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសនេសាទម្នាក់ ជិះម៉ូតូម៉ាកវេវអាល់ហ្វា ពណ៌ខៀវ គ្មានស្លាកលេខ ដឹកលាន់ដាក់អន្ទង់ពីក្រោយ ឡើងពេញម៉ូតូ ធ្វើដំណើរពីត្បូងទៅជើង។ មកដល់ចំណុចកើតហេតុ បុរសខាងលើ បានបើកវ៉ារថយន្តធំ១គ្រឿងផុត ក៏វាក់អើទៅបុករថយន្ត១គ្រឿងទៀត ម៉ាកហុកឡ ច្រាស់ទិសគ្នា យ៉ាងពេញទំហឹង បណ្តាលឲ្យបុរសខាងលើ ដួលរងរបួសធ្ងន់តែម្តង។
ជនរងគ្រោះឈ្មោះ លន់ ធី ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរជាអ្នកនេសាទ រស់នៅភូមិអូរបត់ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។ អ្នកបើកបររថយន្ត ឈ្មោះ ប៉យ ប៊ុនសុង ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិដើមច្រេស ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។ អ្នកបើកបររូបនេះ នឹងត្រូវសមត្ថកិច្ច កោះហៅដើម្បីចូលខ្លួនមកដោះស្រាយ។
ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនមកសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកស្រុកបាកាន រីឯរថយន្ត និងម៉ូតូ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងតាមនិតិវិធី៕
មតិយោបល់