ព័ត៌មានជាតិ

ហិង្សាវាយតប់គ្នា ជាមួយអ្នករត់តុខារ៉ាអូខេហ្គោលឌិនសោន របួសមនុស្ស ៤នាក់ ក្នុងនោះមានប្រធានការិយាល័យអាវុធជាតិផ្ទុះខេត្តកំពង់ស្ពឺម្នាក់

កណ្ដាលៈ កាលពីវេលាម៉ោង៩ និង១០នាទីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ មានករណីហិង្សាដោយចេតនា បណ្ដាលឲ្យរបួសមនុស្ស ៤នាក់ ត្រូវបានឃាត់ខ្លួន នៅចំណុចភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ៖
១-ជិន ស្រីនាង ភេទស្រី អាយុ៣២ឆ្នាំជនជាតិ ខ្មែរមុខរបរ រត់តុក្នុងខារ៉ាអូខេហ្គោលឌិនសោន ស្នាក់នៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួលខេត្តកណ្តាល
(មានស្នាមរបួសដោយក្រចកនៅលើទ្រូងខាងធ្វេង និងហើមថ្ពាល់ខាងស្តាំ)។
២-ជិន សាវនហៅដា ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបោកអ៊ុត ស្នាក់នៅភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (មានស្នាមរបួសដោយក្រចក នៅខ្នង និងកំភួនដៃខាងធ្វេង)
៣-វែង ស្រីមុំភេទស្រីអាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ
រត់តុក្នុងខារ៉ាអូខេហ្គោលឌិនសោន ស្នាក់នៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
៤-សុខ សនភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិមុខរបរ នគរបាល (ប្រធានការិយាល័យអាវុធជាតិផ្ទុះខេត្តកំពង់ស្ពឺ)

វត្ថុតាងចាប់យក៖ (គ្មាន)

ដំណើររឿង៖ នៅពេលកើតហេតុជនសង្ស័យឈ្មោះ ជិន ស្រីនាង និងឈ្មោះ វែង ស្រីមុំ កំពុងផឹកស៊ី នៅបន្ទប់ជួលជាមួយមិត្តភក្ដិ ពេលនោះជនសង្ស័យឈ្មោះ ជិន សាវន ហៅ ដា មកដល់ទារ លុយឈ្មោះ វែង ស្រីមុំ ដែលកំពុងតែផឹក ហើយឈ្មោះជិន ស្រីនាង បានទាស់ពាក្យគ្នាទៅវិញទៅមក ជាមួយជនសង្ស័យ ក៏កើតជាហិង្សាប្រតាយប្រតប់គ្នា បោចសក់ ក្រញីគ្នាមានស្នាមក្រចកលើខ្លួនទាំង២នាក់។

បន្ទប់មកឈ្មោះ សុខ សន ត្រូវជាប្តីរបស់ឈ្មោះ ជិន សាវន ហៅដា រត់មកជួយ ទើបឈ្មោះ វែង ស្រីមុំ រត់ចូលជួយដែរ។

តាមចម្លើយសារភាពរបស់ឈ្មោះ ជិន ស្រីនាង បានសារភាពថា ខ្លួនខឹង និងឈ្មោះ ជិន សាវន ហៅដាជេរខ្លួនថា «ពួកមេសំផឹង២នាក់ឯងមិនឲ្យរួចខ្លួនទេ ហើយក៏មិនឲ្យរួចពីកន្លែងនេះឡើយ» ទើបខ្លួនខឹងប្រតាយប្រតប់បោចសក់គ្នាទៅវិញទៅមក។

ដោយទ្បែកចម្លើយសារភាពរបស់ឈ្មោះ ជិន សាវន ហៅដាបានសារភាពថា រូបគេបានមកទារលុយពីឈ្មោះ វែង ស្រីមុំ ហើយបានទាស់ពាក្យសម្តីគ្នា ទើបប្រតាយប្រតប់គ្នាជាមួយឈ្មោះ ជិន ស្រីនាង និងឈ្មោះ វែងស្រីមុំ។

ក្រោយមកទើបប្តីខ្លួនរត់មកជួយឃាត់ បំបែកចេញ។

ចំណែកចម្លើយសារភាពរបស់ឈ្មោះ វែង ស្រីមុំ បានសារភាពថា ឈ្មោះជិនសាវន ហៅដា បានមកទារលុយខ្លួន ហើយបានជេរខ្លួន និងមិត្តភក្ដិឈ្មោះជិន ស្រីនាង ទើបអ្នកទាំង២ប្រតាយ ប្រតប់គ្នា ខ្លួនមិនបានចូលប្រតាយទេ។ តែពេលខ្លួនឃើញឈ្មោះ សុខ សន ចូលចាប់ដៃឈ្មោះ ជិនស្រីនាង ដើម្បីឲ្យ ប្រពន្ធខ្លួនវាយ ទើបខ្លួនរត់ចូលជួយប្រតាយផងដែរ។

តាមចម្លើយសារភាពរបស់ឈ្មោះ សុខ សន បានសារភាពថា ខ្លួនឃើញ២នាក់ វាយប្រពន្ធខ្លួន ទើបខ្លួនមកជួយចាប់បំបែកចេញ។

ករណីនេះ កម្លាំងជំនាញ កំពុងចាត់បន្តតាមនីតិវិធី៕

មតិយោបល់