ព័ត៌មានជាតិ

Update៖ រថយន្តចៅសង្កាត់គោករការ បុកគូថរថយន្តដឹកដីពេញទំហឹង បណ្ដាលឲ្យរបួសធ្ងន់

ភ្នំពេញ: រថយន្តហ៊ីណូដឹកដីពេញ បើកបត់ឆ្លងផ្លូវ ត្រូវរថយន្តហាយឡែនឌ័រ ធ្វើដំណើរទៅត្រង់បុកគូថពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ចៅសង្កាត់គោករការ កាលពីវេលាម៉ោង១ និង១៥នាទីរសៀល ថ្ងៃទី២៤ខែមេសា ឆ្នាំ២០១៩ តាមបណ្តោយមហាវិថីឈ្នះឈ្នះ ត្រង់ចំណុចខាងមុខការដ្ឋានរណ្តៅដីតាកៅ ក្នុងភូមិកប់ស្រូវតូច សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

រថយន្តដឹកដីម៉ាក HINO ពណ៌បៃតង ពាក់ស្លាកលេខ ចង្កូតស្តាំ PP-2236 ធ្វើដំណើរលើផ្លូវលំពីជើងទៅត្បូង ក្នុងគោលបំណងឆ្លងមហាវិថីឈ្នះឈ្នះ បើកបរដោយបុរសម្នាក់។ ចំណែករថយន្តម៉ាក HILANDER ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Y-2249 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច បើកបរដោយចៅសង្កាត់គោករការឈ្មោះ សាំង ស៊ិន ភេទប្រុស អាយុ ៥៧ឆ្នាំ ស្នាក់នៅភូមិច្រេស សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (របួសធ្ងន់)។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តHINO ដឹកដីខាងលើ បានធ្វើដំណើរពីជើងទៅត្បូង តាមបណ្តោយផ្លូវលំ ចេញពីការដ្ឋានរណ្តៅដីតាកៅ។ មកដល់ចំណុចកើតហេតុ បានបើកឡើងមហាវិថីឈ្នះឈ្នះ ដើម្បីឆ្លងផ្លូវក៏ត្រូវរថយន្តម៉ាក HILANDER បើកដោយលោកចៅសង្កាត់គោករការ តាមបណ្តោយមហាវិថីឈ្នះឈ្នះ ទិសដៅពីកើតទៅលិច ជ្រុលបុកគូថរថយន្ត HINO ពីខាងឆ្វេងពេញទំហឹង បណ្តាលរថយន្ត HINO អូស HILANDER ពីផ្លូវម្ខាងទៅម្ខាង រងរបួសធ្ងន់ចៅសង្កាត់គោករការម្នាក់ និងរថយន្តខូចខាតយ៉ាងដំណំ ខណ:តៃកុងរថយន្ត HINO ចុះគេចខ្លួនបាត់។

ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យកាល់ម៉ែត រីឯរថយន្តទាំងពីរគ្រឿង ត្រូវសមត្ថកិច្ចមូលដ្ឋាន ទាក់ទងសមត្ថកិច្ចជំនាញ មកវាស់វែង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយទៅតាមច្បាប់នៅពេលក្រោយ៕

មតិយោបល់