ព័ត៌មានជាតិ

សមត្ថកិច្ចកម្ពុជាចុះត្រួតពិនិត្យការស្នាក់នៅជនបរទេសនៅឃ្លាំងស្បែកជើងមួយកន្លែង ឃាត់ខ្លួនជនជាតិវៀតណាមជិត១៣នាក់ នៅខណ្ឌច្បារអំពៅ

ភ្នំពេញ: កម្លាំងនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី បានចុះត្រួតពិនិត្យការស្នាក់នៅ និងបំពេញការងាររបស់ជនបរទេសនៅក្នុងឃ្លាំងស្បែកជើងមួយកន្លែង ដោយបានធ្វើការឃាត់ជនជាតិវៀតណាមប្រុស ស្រី ចំនួន ១២នាក់ (ស្រី ៣នាក់)នៅខណ្ឌច្បារអំពៅ។

ប្រតិបត្តិការនេះដែរបានធ្វើឡើងកាលពីវេលាម៉ោង ៣ និង ៣០នាទីល្ងាច ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០១៧ នៅក្នុងឃ្លាំងស្បែកជើងក្នុងដីឡូតិ៍គ្មានលេខមួយកន្លែង ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវបេតុង នៅភូមិឬស្សីស្រស់ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធីបានប្រាប់ឲ្យដឹងថា ក្នុងថ្ងៃនេះ កម្លាំងរបស់លោកបានធ្វើការសហការជាមួយនិងកម្លាំងនគរបាលការិយាល័យគ្រប់គ្រងជនបរទេសរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលអំពីសំណាក់លោកសៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។ បានចុះប្រតិបត្តិការត្រួតពិនិត្យការស្នាក់នៅ និងបំពេញការងាររបស់ជនបរទេសនៅចំណុចឃ្លាំងស្បែកជើងដ៏ធំមួយកន្លែង ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវបេតុង ភូមិឬស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅនេះ ដោយបានរកឃើញជនជាតិវៀតណាមប្រុស ស្រីសរុបចំនួន ១២នាក់ ក្នុងនោះមានស្រីចំនួន ៣នាក់ ដែលកំពុងតែធ្វើការងារដោយគ្មានលិខិតស្នាមអ្វីទាំងអស់ខុស។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០១៧ ម្សិលមិញនេះ កម្លាំងនគរបាលនៃនាយកដ្ឋានស៊ើបអង្កេត និង អនុវត្តន៍និតិវិធី នេះដដែលបានចុះធ្វើការឃាត់ខ្លួនជននអន្តោប្រវេសន៍ខុសច្បាប់ជាជនជាតិវៀតណាមចំនួន ១៦នាក ក្នុងនោះស្រី ៧នាក់ នៅក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅនេះម្តងរួចមកហើយដែរ។

ក្រោយពីការអនុវត្តន៍ច្បាប់អន្តោប្រវេសន៍នៅចំណុចឃ្លាំងស្បែកជើងខាងលើនេះរួចហើយ ក្រុមជនជាតិវៀតណាមប្រុស ស្រីទាំង ១២នាក់ (ស្រី ៣នាក់) ដែលបានឃាត់ខ្លួននត្រូវបានបញ្ជូនយកទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីរង់ចាំចាត់ការទៅតាមនិតិវិធីនៃច្បាប់ជាបន្តទៅទៀត៕

មតិយោបល់