ព័ត៌មានជាតិ

ម្ចាស់លោតសឹងមិនទាន់! អគ្គិភ័យឆេះរថយន្ត នៅមុខសាលាសង្កាត់ចោមចៅ៣

ភ្នំពេញ: នៅវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ មានករណីអគ្គិភ័យឆេះ រថយន្តឃ្លប់ដឹកមីកំប៉ុងពីខេត្តកោះកុង មកឆេះនៅមុខសាលាសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

រថយន្តរងគ្រោះខាងលើម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-2310 ប្រភេទឃ្លប់ដឹកមីកំប៉ុងពេញរថយន្ត ។

តាមប្រភពពីតៃកុង បានឲ្យដឹងថា គាត់បើករថយន្ត ដឹកមីកំប៉ុងចេញមកតាំងពីខេត្តកោះកុង យកមកដាក់នៅឃ្លាំងក្រុងភ្នំពេញ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ លុះមកដល់ភ្នំពេញ ត្រង់ចំណុចផ្សារកំបូល ស្ថានភាពយានយន្តលើដងផ្លូវ មានការកកស្ទះចរាចរណ៍ គាត់ក៏បន្តបើកសន្សឹមៗ ចូលមកដល់ ខាងមុខសាលាសង្កាត់ចោមចៅ៣ ចរាចរណ៍កាន់តែកកស្ទះ យានយន្តច្រើនណែនតាន់តាប់លើដងផ្លូវ ស្រាប់តែម៉ាស៊ីនរថយន្តឡើងកម្តៅ ដល់កម្រិតមានបញ្ហា មិនទាន់ទាំងអែបរកកន្លែងឈប់ពន្លត់ម៉ាស៊ីនទាន់ផង ស្រាប់តែហុយផ្សែងខ្មួល ចេញពីបន្ទប់ម៉ាស៊ីន ធ្វើឲ្យគាត់ភ័យក៏លោតចុះពីរថយន្ត ត្រូវបានប្រជាពលរដ្ឋ សមត្ថកិច្ច ក្បែរនោះស្រាប់ ជួយដងទឹកជះ និង យកបំពង់ពន្លត់អគ្គិភ័យ មកជួយបាញ់ពន្លត់ភ្លាមៗ ។

ករណីនេះ ពុំបង្កគ្រោះថ្នាក់ដល់អ្នកណាឡើយ ខូចខាតតែរថយន្តប៉ុណ្ណោះ ត្រូវម្ចាស់អូសទៅធ្វើការជួសជុលដោយខ្លួនឯង៕

មតិយោបល់