ព័ត៌មានជាតិ

ព្រលឹងចុងសក់! រថយន្ត បើកធ្លាក់ផ្លូវ ក្រឡាប់ផ្ងារជើងចង្អុលមេឃ របួសធ្ងន់២នាក់

បន្ទាយមានជ័យ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កទ្បើងដោយខ្លួនឯង រថយន្តកាម៉ារី ក្រឡាប់ផ្ងារជើងចង្អុលមេឃ បណ្ដាលឲ្យរបួសធ្ងន់មនុស្ស២នាក់
នៅវេលាម៉ោង ៦និង៣០នាទីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវជាតិលេខ៦ ត្រង់ចំណុចចន្លោះបង្គោលខ្សែភ្លើងលេខ ០២៦៧-០២៦៨ ស្ថិតក្នុងភូមិគោកលុន ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

អ្នកបើកបររថយន្តឈ្មោះ រ៉ិន ស៊ីណាត ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិសុភី សង្កាត់កំពង់ស្វាយ ក្រុងសេរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ រួមដំណើរជាមួយឈ្មោះ សាម បាន ភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិជាមួយគ្នា។

សមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាកកាមរី ចង្កូតស្តាំខាងលើ ពណ៌ស ពាក់ស្លាកលេខ 2G-3482 ធ្វើដំណើរពីលិចទៅកើត ក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ ក៏រេចង្កូតទៅខាងស្តាំដៃ ធ្លាក់កង់ហួសចិញ្ចើមផ្លូវ ស្របពេលនោះតៃកុង បានប្រឹងបួងយកចង្កូតឡើងលើផ្លូវវិញ ក៏ក្រឡាប់លើទ្រូងផ្លូវតែម្ដង បណ្ដាលឲ្យអ្នកបើកបរ និងអ្នករួមដំណើរ របួសធ្ងន់ទាំង២នាក់ ត្រូវកម្លាំងជំនាញហៅរថយន្តសង្រ្គោះរបស់មន្ទីរពេទ្យបង្អែក ស្រុកព្រះនេត្រព្រះដឹកទៅសង្គ្រោះ។

ក្រោយកើតហេតុ រថយន្តបង្កត្រូវក្រុមកម្លាំងជំនាញ ធ្វើការស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក៕

មតិយោបល់