ព័ត៌មានជាតិ

ចូលរួមរំលែកទុក្ខក្រុមគ្រួសារគាត់ផង! ចៅសង្កាត់គោករការ ជួបគ្រោះថ្នាក់ចរាចរណ៍របួសធ្ងន់ ម្សិលមិញ ទទួលមរណៈភាពហើយ

ភ្នំពេញ: រថយន្តម៉ាកហ៊ីណូ ដឹកដីពេញ បើកបត់ឆ្លងផ្លូវ ត្រូវរថយន្តហាយឡែនឌ័រ ធ្វើដំណើរទៅត្រង់បុកគូថពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ចៅសង្កាត់គោករការ កាលពីវេលាម៉ោង១ និង១៥នាទីរសៀល ថ្ងៃទី២៤ខែមេសា ឆ្នាំ២០១៩ តាមបណ្តោយមហាវិថីឈ្នះឈ្នះ ត្រង់ចំណុចខាងមុខការដ្ឋានរណ្តៅដីតាកៅ ក្នុងភូមិកប់ស្រូវតូច សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ដោយទ្បែកនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ ជនរងគ្រោះ បានទទួលមរណ:ភាពហើយ នៅប្រទេសវៀតណាម។

គួរំឭកថាកាលពីម្សិលមិញថ្ងៃទី២៤ខែមេសា ឆ្នាំ២០១៩ រថយន្តដឹកដីម៉ាក HINO ពណ៌បៃតង ពាក់ស្លាកលេខ ចង្កូតស្តាំ PP-2236 ធ្វើដំណើរលើផ្លូវលំ ក្នុងគោលបំណងឆ្លងមហាវិថីឈ្នះឈ្នះក្នុងទិសដៅពីជើងទៅត្បូង បើកបរដោយបុរសម្នាក់។ ចំណែករថយន្តម៉ាក HILANDER ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Y-2249 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច បើកបរដោយចៅសង្កាត់គោករការឈ្មោះ សាំង ស៊ិន ភេទប្រុស អាយុ ៥៧ឆ្នាំ ស្នាក់នៅភូមិច្រេស សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញរបួសធ្ងន់ ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តHINO ដឹកដីខាងលើ បានធ្វើដំណើរពីជើងទៅត្បូង តាមបណ្តោយផ្លូវលំ ចេញពីការដ្ឋានរណ្តៅដីតាកៅ។ មកដល់ចំណុចកើតហេតុ បានបើកឡើងមហាវិថីឈ្នះឈ្នះ ដើម្បីឆ្លងផ្លូវក៏ត្រូវរថយន្តម៉ាក HILANDER បើកដោយលោកចៅសង្កាត់គោករការ តាមបណ្តោយមហាវិថីឈ្នះឈ្នះ ទិសដៅពីកើតទៅលិច ជ្រុលបុកគូថរថយន្ត HINO ពីខាងឆ្វេងពេញទំហឹង បណ្តាលរថយន្ត HINO អូស HILANDER ពីផ្លូវម្ខាងទៅម្ខាង រងរបួសធ្ងន់ចៅសង្កាត់គោករការម្នាក់ និងរថយន្តខូចខាតយ៉ាងដំណំ ខណ:តៃកុងរថយន្ត HINO ចុះគេចខ្លួនបាត់។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យកាល់ម៉ែតរួចបញ្ជូនបន្តទៅមន្ទីពេទ្យប្រទេសវៀតណាម រីឯរថយន្តទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចមូលដ្ឋានទាក់ទងសមត្ថកិច្ចជំនាញមកវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយទៅតាមច្បាប់នៅពេលក្រោយ។

បច្ចុប្បសពជនរងគ្រោះ កំពុងកំពុងរងចាំសាច់ញាតិ បញ្ជូនពីប្រទេសវៀតណាម មកកាន់កម្ពុជាវិញ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់