ព័ត៌មានជាតិ

បើស្រវឹងសូមកុំបើកបរ! ម៉ូតូពីរគ្រឿងបុកគ្នា នៅស្រុកព្រៃកប្បាស របួសធ្ងន់មនុស្ស ៤នាក់

តាកែវ: កាលពីវេលាម៉ោង ៥និង៤០នាទីល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូបុកម៉ូតូ ស្ថិតតាមបណ្ដោយផ្លូវក្រាលកៅស៊ូ ត្រង់ចំណុចភូមិត្រពាំងធំ ឃុំព្រៃផ្ដៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ។

ម៉ូតូបង្កម៉ាក CBR ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1QA-0908 អ្នកបើកបរមានឈ្មោះ ស្រូយ ង៉ូវ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ កសិករ រស់នៅភូមិសំរោង ឃុំពន្លៃ ស្រុកអង្គរបុរី ខេត្តតាកែវ ធ្វើដំណើរពីត្បូងទៅជើង រួមដំណើរជាមួយឈ្មោះ ជឿង សៅ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិឃុំជាមួយគ្នា។

ចំណែកម៉ូតូរងគ្រោះម៉ាក Scopy ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FK-3079 បើកបរដោយឈ្មោះ ឡេង ណារ៉ា ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិកំពែងធំ ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ មានអ្នករួមដំណើរជាមួយឈ្មោះ ពឿន ធីម ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរកសិករ រស់នៅភូមិមោង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង (អ្នកទាំង៤នាក់របួសធ្ងន់ និងមិនពាក់មួកសុវត្ថិភាព)។

មូលហេតុ៖ បើកបរក្នុងស្ថានភាពស្រវឹង។

ក្រោយពេលកើតហេតុសមត្ថកិច្ចចុះវាស់វែង យកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយតាមនីតិវិធី ចំណែកអ្នករងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលស្រុកព្រៃកប្បាស៕

មតិយោបល់